ខេត្តព្រះសីហនុ៖ ដោយអនុវត្តតាមការចង្អុលបង្ហាញរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ - លោកវរសេនីយ៍ទោ នី ចាន់ណារ៉ា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានចាត់តាំងកម្លាំងជំនាញនៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក សហការជាមួយតំណាងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ចុះធ្វើការផ្សព្វផ្សាយអំពីគោលនយោបាយ «ភូមិ-ឃុំមានសុវត្ថិភាព» និងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដល់សិស្សានុសិស្សនៅសាលាអនុវិទ្យាល័យកម្មករ ស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
កម្មវិធីផ្សព្វផ្សាយនេះ មានសិស្សានុសិស្សចូលរួមសរុបចំនួន ៤៣នាក់ ក្នុងនោះស្រី ២៨នាក់ ដោយផ្តោតលើការបង្កើនការយល់ដឹង និងការចូលរួមអនុវត្តច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងរួមចំណែកកសាងសហគមន៍ប្រកបដោយសុវត្ថិភាព។
ខ្លឹមសារសំខាន់ៗដែលត្រូវបានផ្សព្វផ្សាយរួមមាន៖ លក្ខណសម្បត្តិទាំង ៧ ចំណុច នៃគោលនយោបាយ «ភូមិ-ឃុំមានសុវត្ថិភាព» វិធានការសុវត្ថិភាពក្នុងការបើកបរ និងប្រើប្រាស់យានយន្តលើដងផ្លូវ សារៈសំខាន់ និងគុណប្រយោជន៍នៃការពាក់មួកសុវត្ថិភាពនិងការគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដូចជា មិនបើកបរបញ្ច្រាសទិសចរាចរណ៍ មិនវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ គោរពផ្លាកសញ្ញា និងភ្លើងសញ្ញាចរាចរណ៍ មិនបើកបរល្បឿនលឿនហួសកំណត់ និងជៀសវាងការប្រើប្រាស់គ្រឿងញៀនជាដាច់ខាត។
ការផ្សព្វផ្សាយនេះ គឺជាផ្នែកមួយក្នុងការបណ្តុះស្មារតីសិស្សានុសិស្សឱ្យក្លាយជាពលរដ្ឋល្អ មានការទទួលខុសត្រូវ និងចូលរួមថែរក្សាសុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈនៅក្នុងសហគមន៍៕
ដោយ៖ ប៉ៃ សុឃីម













