ខេត្តប៉ៃលិន៖ ស្ថានភាពទឹកស្ទឹងប៉ៃលិន កំពុងហក់ឡើងយ៉ាងឆាប់រហ័ស នៅព្រឹកថ្ងៃសៅរ៍ ទី៤ ខែកក្កដា ឆ្នាំ២០២៦នេះ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នារយៈពេល២ថ្ងៃកន្លងមក ដែលបានធ្វើឱ្យបរិមាណទឹកហូរចូលស្ទឹងកើនឡើងគួរឱ្យកត់សម្គាល់។
ក្នុងឱកាសនេះ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងប៉ៃលិន និងតំបន់ទំនាបជាប់មាត់ទឹក សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ តាមដានព័ត៌មានពីអាជ្ញាធរ និងត្រៀមវិធានការចាំបាច់ដើម្បីការពារសុវត្ថិភាពអាយុជីវិត និងទ្រព្យសម្បត្តិ។
លោកជំទាវបានបញ្ជាក់ថា បច្ចុប្បន្ននៅតំបន់ភ្នំខាងលើនៅតែបន្តមានភ្លៀងធ្លាក់ មិនទាន់មានសញ្ញាថយចុះនៅឡើយ ដែលអាចធ្វើឱ្យកម្ពស់ទឹកបន្តកើនឡើងបន្ថែមទៀត។ អាជ្ញាធរមូលដ្ឋាន និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ កំពុងតាមដានស្ថានការណ៍យ៉ាងយកចិត្តទុកដាក់ និងត្រៀមអន្តរាគមន៍ភ្លាមៗ ប្រសិនបើមានការវិវត្តទៅរកស្ថានភាពគ្រោះថ្នាក់។
ប្រជាពលរដ្ឋត្រូវជៀសវាងការចុះលេងទឹក ការនេសាទ ឬឆ្លងកាត់តំបន់ដែលមានចរន្តទឹកខ្លាំង និងសូមបន្តតាមដានសេចក្តីជូនដំណឹងពីអាជ្ញាធរជាបន្តបន្ទាប់៕
ដោយ៖ ប៉ៃ សុឃីម










