ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ក្រសួងការពារជាតិ៖ យោធាកម្ពុជា ៤នាក់រងរបួសដោយសារផ្ទុះគ្រាប់បែក អំឡុងពេលល្បាតនៅតំបន់ព្រំដែន ខេត្តឧត្តរមានជ័យ

KPS99TVសរសេរ:ប៉ៃ សុឃីម

សេចក្តីសង្ខេប

តាមក្រសួងការពារជាតិ កម្លាំងកម្ពុជាល្បាតនៅតំបន់ចូកគ្រួស ភូមិថ្មដូន ស្រុកបន្ទាយអំពិល ម៉ោង១២:៣៥រសៀល ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦។ ក្រោយជួបកងល្បាតថៃនៅម្ខាងទៀតលួសបន្លា មានគ្រាប់បែកផ្ទុះខាងក្រោយកងល្បាតកម្ពុជា របួស៤នាក់។ ក្រសួងថាកំពុងព្យាបាលនិងស៊ើបអង្កេតមូលហេតុ។

អ្នកនាំពាក្យក្រសួងការពារជាតិ បានជូនដំណឹងថា កាលពីវេលាម៉ោង ១២:៣៥នាទីរសៀល ថ្ងៃអាទិត្យ ទី៥ ខែកក្កដា ឆ្នាំ២០២៦ កងកម្លាំងកម្ពុជាបានចេញល្បាតនៅតំបន់ចំការស្វាយចន្ទី ស្ថិតក្នុងភូមិសាស្ត្រចូកគ្រួស ភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

ក្នុងអំឡុងពេលល្បាត កងកម្លាំងកម្ពុជាបានជួបក្រុមល្បាតរបស់យោធាថៃ ដែលកំពុងធ្វើប្រតិបត្តិការនៅម្ខាងទៀតនៃលួសបន្លា។ បន្ទាប់ពីកងល្បាតទាំងពីរបានធ្វើដំណើរហួសគ្នាបន្តិច ក៏មានការផ្ទុះគ្រាប់បែកមួយគ្រាប់នៅពីក្រោយកងល្បាតរបស់កម្ពុជា បណ្តាលឱ្យយោធិនកម្ពុជាចំនួន ៤នាក់ រងរបួសដោយសារអម្បែងគ្រាប់។

បច្ចុប្បន្ន យោធិនដែលរងរបួសកំពុងទទួលការព្យាបាលដោយយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ និងក្រុមការងារពាក់ព័ន្ធ។

ក្រសួងការពារជាតិបញ្ជាក់ថា គណៈបញ្ជាការនៅជួរមុខ និងក្រុមអ្នកជំនាញកំពុងបន្តស៊ើបអង្កេតដោយយកចិត្តទុកដាក់ ដើម្បីស្វែងរកមូលហេតុ និងបញ្ជាក់ការពិតជូនកងកម្លាំង និងសាធារណជន។

ជាមួយគ្នានេះ ក្រសួងការពារជាតិបានអះអាងសាជាថ្មីពីការប្តេជ្ញាចិត្តគោរព និងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវសេចក្តីប្រកាសរួម និងកិច្ចព្រមព្រៀងពាក់ព័ន្ធរវាងកម្ពុជា និងថៃ ដើម្បីរួមចំណែករក្សាសន្តិភាព ស្ថិរភាព និងការវិលត្រឡប់ទៅរកប្រក្រតីភាពនៅតាមតំបន់ព្រំដែន៕

ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…