ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ខេត្តព្រះសីហនុ បន្តរឹតបន្តឹងសុវត្ថិភាពផ្លូវថ្នល់! នគរបាលចុះរៀបចំរថយន្តធុនធ្ងន់ និងពិនិត្យអ្នកបើកបរលើសារធាតុញៀន-ជាតិស្រវឹង

KPS99TVសរសេរ:ប៉ៃ សុឃីម

សេចក្តីសង្ខេប

នគរបាលចរាចរណ៍ខេត្តព្រះសីហនុ បន្តរៀបចំរថយន្តធុនធ្ងន់ឈប់ចតគ្មានសណ្តាប់ធ្នាប់ និងត្រួតពិនិត្យអ្នកបើកបរលើសារធាតុញៀននិងជាតិស្រវឹង នៅតំបន់ឆ្នេរព្រែកត្រែង តាមផ្លូវតិរៈវិថីសម្តេចតេជោ ហ៊ុន សែន។ ប្រតិបត្តិការនេះមានគោលដៅបង្កើនសុវត្ថិភាពនិងកាត់បន្ថយហានិភ័យគ្រោះថ្នាក់។

ខេត្តព្រះសីហនុ បន្តរឹតបន្តឹងសុវត្ថិភាពផ្លូវថ្នល់! នគរបាលចុះរៀបចំរថយន្តធុនធ្ងន់ និងពិនិត្យអ្នកបើកបរលើសារធាតុញៀន-ជាតិស្រវឹង

ខេត្តព្រះសីហនុ៖ ដើម្បីពង្រឹងសណ្តាប់ធ្នាប់ចរាចរណ៍ និងលើកកម្ពស់សុវត្ថិភាពលើដងផ្លូវ កម្លាំងនគរបាលចរាចណ៍ខេត្តព្រះសីហនុ បានបន្តចុះអនុវត្តប្រតិបត្តិការរៀបចំសណ្តាប់ធ្នាប់រថយន្តធុនធ្ងន់ ព្រមទាំងត្រួតពិនិត្យអ្នកបើកបរលើការប្រើប្រាស់សារធាតុញៀន និងជាតិស្រវឹង នៅតាមបណ្តោយផ្លូវតិរៈវិថីសម្តេចតេជោ ហ៊ុន សែន។

ប្រតិបត្តិការនេះ អនុវត្តតាមការណែនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ និងការចង្អុលបង្ហាញជាប្រចាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ។

ដឹកនាំដោយ លោកវរសេនីយ៍ទោ នី ចាន់ណារ៉ា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក កម្លាំងជំនាញបានសហការជាមួយការិយាល័យនគរបាលសណ្តាប់ធ្នាប់ និងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន ចុះរៀបចំរថយន្តធុនធ្ងន់ដែលឈប់ចតគ្មានសណ្តាប់ធ្នាប់ នៅចំណុចឆ្នេរព្រែកត្រែង ស្ថិតក្នុងភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ព្រមទាំងត្រួតពិនិត្យអ្នកបើកបររកសារធាតុញៀន និងជាតិស្រវឹង ដើម្បីទប់ស្កាត់ហានិភ័យគ្រោះថ្នាក់ចរាចរណ៍ និងធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ។

សកម្មភាពនេះ គឺជាផ្នែកមួយនៃយុទ្ធនាការបន្តរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ក្នុងការពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ បង្កើនសណ្តាប់ធ្នាប់សាធារណៈ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅក្នុងភូមិសាស្ត្រខេត្ត៕

ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…