ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

«ពិព័រណ៍ទុរេន និងផ្លែឈើក្នុងស្រុក ២០២៦» បើកជាផ្លូវការ! ជំរុញទីផ្សារផលិតផលខ្មែរ និងលើកកម្ពស់ចំណូលកសិករ

KPS99TVសរសេរ:ប៉ៃ សុឃីម

សេចក្តីសង្ខេប

រដ្ឋមន្ត្រីពាណិជ្ជកម្ម ចម និម្មល បើកពិព័រណ៍ទុរេននិងផ្លែឈើក្នុងស្រុកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ នៅ AEON Mall ភ្នំពេញ។ ព្រឹត្តិការណ៍បន្តដល់ថ្ងៃទី២៦ ខែកក្កដានៅសាខាទាំង៣ ក្នុងរាជធានី ដើម្បីពង្រីកទីផ្សារផលិតផលខ្មែរ និងគាំទ្រកសិករ។

លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ «ពិព័រណ៍ទុរេន និងផ្លែឈើក្នុងស្រុក (Durian and Seasonal Fruits Festival 2026)» នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ នៅផ្សារទំនើប អ៊ីអន ម៉ល ភ្នំពេញ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធ តំណាងក្រុមហ៊ុន អ៊ីអន ខេមបូឌា និងភ្ញៀវកិត្តិយសជាច្រើនរូប។

ក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី បានកោតសរសើរក្រុមហ៊ុន អ៊ីអន ខេមបូឌា ដែលបានសហការជាមួយក្រសួងពាណិជ្ជកម្មរៀបចំព្រឹត្តិការណ៍នេះ ដើម្បីផ្សព្វផ្សាយផលិតផលកម្ពុជា ពង្រីកទីផ្សារ និងបង្កើនឱកាសអាជីវកម្មសម្រាប់ប្រជាកសិករ សហគមន៍ផលិតករ និងសហគ្រាសក្នុងស្រុក។

លោកជំទាវបានលើកឡើងថា ពិព័រណ៍នេះមិនត្រឹមតែបង្ហាញពីគុណភាព និងរសជាតិឆ្ងាញ់របស់ផ្លែឈើកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីការរីកចម្រើនរបស់ផលិតផលខ្មែរ ចាប់ពីចម្ការ រហូតឈានទៅកាន់ទីផ្សារក្នុងស្រុក និងអន្តរជាតិ ដោយសារកិច្ចសហការយ៉ាងជិតស្និទ្ធរវាងរាជរដ្ឋាភិបាល វិស័យឯកជន និងប្រជាកសិករ។

ជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្មក៏កំពុងជំរុញការលើកកម្ពស់ផលិតផលជាតិ តាមរយៈយុទ្ធនាការ #MadeInCambodia និង #MadeByHer ការរៀបចំពិព័រណ៍ពាណិជ្ជកម្មទាំងក្នុង និងក្រៅប្រទេស ការការពារសិទ្ធិអ្នកប្រើប្រាស់ ការសិក្សាបង្កើតផ្សារលក់ដុំ ការចុះបញ្ជីម៉ាកសមូហភាព «ទុរេនបែកអន្លូង» និងការអភិវឌ្ឍម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ និងម៉ាកវិញ្ញាតកម្មជាតិ ដើម្បីបង្កើនភាពប្រកួតប្រជែងរបស់ផលិតផលកម្ពុជា។

សូមបញ្ជាក់ថា «ពិព័រណ៍ទុរេន និងផ្លែឈើក្នុងស្រុក ២០២៦» ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ នៅផ្សារទំនើប អ៊ីអន ទាំង៣ សាខា ក្នុងរាជធានីភ្នំពេញ ដោយបង្ហាញ និងដាក់លក់ទុរេន និងផ្លែឈើក្នុងស្រុកជាច្រើនប្រភេទ ដើម្បីជំរុញការប្រើប្រាស់ផលិតផលខ្មែរ និងគាំទ្រដល់កសិករកម្ពុជា៕

ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…