ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ខេត្តព្រះសីហនុ ត្រៀមកូនឈើចម្រុះ ៥២,០០០ដើម ចែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុងពិព័រណ៍ «ពន្លកបៃតង» ឆ្នាំ២០២៦

KPS99TVសរសេរ:ប៉ៃ សុឃីម

សេចក្តីសង្ខេប

មន្ទីរបរិស្ថានខេត្តព្រះសីហនុត្រៀមកូនឈើចម្រុះប្រមាណ៥២.០០០ដើម ចែកជូនប្រជាពលរដ្ឋឥតគិតថ្លៃក្នុងពិព័រណ៍ «ពន្លកបៃតង» ឆ្នាំ២០២៦ និងវេទិកាកេសរកូលជាតិលើកទី៦ ពីថ្ងៃទី១០ ដល់១៣ ខែកក្កដា នៅក្រសួងបរិស្ថាន ភ្នំពេញ។

ខេត្តព្រះសីហនុ៖ មន្ទីរបរិស្ថានខេត្តព្រះសីហនុ បានបណ្តុះកូនឈើចម្រុះសរុបប្រមាណ ៥២,០០០ដើម ដើម្បីចែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុងឱកាសពិព័រណ៍ «ពន្លកបៃតង» ឆ្នាំ២០២៦ និងវេទិកាកេសរកូលជាតិលើកទី៦ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងបរិស្ថាន រាជធានីភ្នំពេញ។

កាលពីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ និងលោក ម៉ើង សុភាព ប្រធានស្តីទីមន្ទីរបរិស្ថានខេត្ត បានអញ្ជើញចូលរួមពិធីបើកព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ ក្រោមអធិបតីភាព ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន រួមជាមួយ ថ្នាក់ដឹកនាំរដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាលកម្ពុជា តំណាងក្រសួង ស្ថាប័ន ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត តំណាងអង្គការសហប្រជាជាតិប្រចាំកម្ពុជា ដៃគូអភិវឌ្ឍន៍ ដៃសហការ សមាគម អង្គការសង្គមស៊ីវិល ព្រះសង្ឃ សហគមន៍តំបន់ការពារធម្មជាតិ វិស័យឯកជន យុវជន និងសិស្សានុសិស្សជាច្រើន។

ក្នុងគោលបំណងលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការដាំដើមឈើ និងពង្រីកគម្របព្រៃឈើនៅកម្ពុជា មន្ទីរបរិស្ថានខេត្តព្រះសីហនុ បាននាំយកកូនឈើចម្រុះជាច្រើនប្រភេទ រួមមាន បេង ឆ្នុង ក្រញូង ក្ងោក និងខ្នុរការ៉ុត សរុបប្រមាណ ៥២,០០០ដើម មកចែកជូនសាធារណជនដោយមិនគិតថ្លៃ។

ក្រៅពីការចែកកូនឈើ ពិព័រណ៍ «ពន្លកបៃតង» ឆ្នាំ២០២៦ ក៏មានការតាំងបង្ហាញផលិតផលមេត្រីភាពបរិស្ថាន ស្តង់ពិព័រណ៍កូនឈើ និងសកម្មភាពផ្សព្វផ្សាយជាច្រើនពីក្រសួងបរិស្ថាន អគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ និងមន្ទីរបរិស្ថានទាំង ២៥ រាជធានី-ខេត្ត ដើម្បីជំរុញការអភិរក្សធនធានធម្មជាតិ និងបង្កើនភាពបៃតងនៅទូទាំងប្រទេស៕ ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…