ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

អាជ្ញាធរជាតិអប្សរា កំពុងបន្តជួសជុលពង្រឹងរចនាសម្ព័ន្ធស្រះទឹកខាងជើង របស់ប្រាសាទអង្គរវត្ត!

KPS99TV

សេចក្តីសង្ខេប

អាជ្ញាធរជាតិអប្សរាបន្តជួសជុលកាំជណ្ដើរនិងច្រាំងស្រះទឹកខាងជើងប្រាសាទអង្គរវត្ត ដំណាក់កាលទី៦ ប្រវែង៥៦ម៉ែត្រ។ ការងារចាប់ផ្ដើមពាក់កណ្ដាលខែឧសភា ឆ្នាំ២០២៦ និងគ្រោងបញ្ចប់ក្នុងឆ្នាំនេះ ដើម្បីសង្គ្រោះរចនាសម្ព័ន្ធបុរាណនិងស្ដារទេសភាព។

(សៀមរាប)៖ ក្រុមការងារជំនាញនៃអាជ្ញាធរជាតិអប្សរា កំពុងបន្តជួសជុលកាំជណ្តើរ និងច្រាំងស្រះទឹកខាងជើង របស់ប្រាសាទអង្គរវត្ត ដើម្បីសង្គ្រោះរចនាសម្ព័ន្ធបុរាណ ដែលកំពុងរងការខូចខាត និងលើកតម្លៃទេសភាពឡើងវិញ។នេះបើតាមបណ្ដាញទំនាក់ទំសង្គមហ្វេសប៊ុករបស់អាជ្ញាធរជាតិអប្សរា កាលពីម្សិលមិញថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦។

ដំណើរការជួសជុលដំណាក់កាលទី៦នេះ បានចាប់ផ្តើមតាំងពីពាក់កណ្ដាលខែឧសភា ឆ្នាំ២០២៦ ហើយគ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំ២០២៦នេះ។ លោកស្រី ភិន វិជ្ជាសុច្ចរ៉ា មន្ត្រីបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា បច្ចុប្បន្នក្រុមការងាររបស់លោកស្រី កំពុងជួសជុលកាំជណ្ដើរ និងច្រាំងស្រះទឹកខាងជើងរបស់ប្រាសាទអង្គរវត្ត ក្នុងដំណាក់កាលទី៦ ដែលមានប្រវែង ៥៦ម៉ែត្រ ជាដំណាក់កាលបញ្ចប់។ បច្ចុប្បន្ននេះ រចនាសម្ព័ន្ធស្រះទឹកខាងជើងរបស់ប្រាសាទអង្គរវត្ត បានរងការខូចខាត មានកំណកដីច្រើន ធ្វើឱ្យបាត់រូបរាងដើមរបស់ស្រះ កាំជណ្តើរស្រះជាច្រើនក៏កប់បាត់ក្នុងដី ថ្មច្រាំងខ្លះក៏ខូចខាតដោយសារតែបៀមទឹក ធ្វើឱ្យថ្មឆាប់ពុកផុយ ថែមទាំងរងកម្តៅថ្ងៃជាមួយនិងទឹកក្តៅសើមៗ បណ្តាលឱ្យថ្មភក់ងាយនឹងបាក់បែក។ កន្លែងខ្លះបានបាត់ថ្ម ធ្វើឱ្យមានចន្លោះប្រហោង ជាហេតុបណ្តាលឱ្យទឹកហូរនាំដីច្រោះចូលទៅក្នុងស្រះក៏មាន។

ក្រុមអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា បានប្រើបច្ចេកទេសជួសជុល ដំបូងដោយរុះរើថ្មជាស្រទាប់ៗ ហើយរំកិលទៅដាក់នៅទីតាំងផ្សេង ដើម្បីងាយស្រួលក្នុងការជួសជុល បន្ទាប់មកត្រូវក្រាលស្បៃ ដែលមានតួនាទីសំខាន់ណាស់ក្នុងការជួយទប់ដីកុំឱ្យហូរច្រោះ។

សូមជម្រាបថា ការជួសជុលពង្រឹងរចនាសម្ព័ន្ធស្រះទឹកខាងជើង ប្រាសាទអង្គរវត្ត បានចាប់ផ្តើមការងារស្រាវជ្រាវតាំងពីឆ្នាំ២០១៩មក។ មុននឹងធ្វើការជួសជុលដំណាក់កាលនីមួយៗ គឺក្រុមអ្នកជំនាញ បានរៀបចំការងារជាច្រើន ដូចជា កំណាយសិក្សាស្រាវជ្រាវពីស្ថានភាពដើមរបស់វា រួចសម្រង់ប្លង់គ្រប់ជ្រុងជ្រោយ សិក្សាប្លង់ រៀបចំឯកសារឆ្លងគណៈកម្មាធិការអន្តរជាតិអាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក ដើម្បីការគាំទ្រ ហើយមុនជួសជុលគណៈកម្មាធិការICC-Angkor/Sambor Prei Kuk ក៏បានតម្រូវឱ្យសិក្សារចនាសម្ព័ន្ធ និងវិភាគការខូចខាតជាមុនផងដែរ៕ ដោយ៖ ធី លីថូ

មតិយោបល់

កំពុងផ្ទុកមតិយោបល់…