អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ឯកឧត្តម តាន់ ម៉ាឡេក រ៉ាហ្សាក់ ប៊ីន សូឡាយម៉ាន់ (Tan Sri Dato' Seri Haji Malek Razak bin Sulaiman) បានប្រកាសគាំទ្រជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ ដោយសន្តិវិធី និងឈរលើមូលដ្ឋានច្បាប់អន្តរជាតិ។
ការប្រកាសគាំទ្រនេះ ធ្វើឡើងក្នុងជំនួបជាមួយសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសនោះ ឯកឧត្តម តាន់ ម៉ាឡេក រ៉ាហ្សាក់ ប៊ីន សូឡាយម៉ាន់ បានសម្តែងការគោរពចំពោះសម្តេច ហ៊ុន សែន និងចាត់ទុកសម្តេចថា ជាមេដឹកនាំដែលបានដឹកនាំកម្ពុជាឱ្យប្រែក្លាយពីប្រទេសដែលធ្លាប់រងសង្គ្រាម ទៅជាប្រទេសមានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។
ឯកឧត្តម ក៏បានសម្តែងការកោតសរសើរចំពោះបទពិសោធន៍ និងការដឹកនាំរបស់សម្តេច ហ៊ុន សែន ក្នុងការដោះស្រាយបញ្ហានានា រួមទាំងបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ហើយបានបញ្ជាក់ការគាំទ្រយ៉ាងពេញទំហឹងចំពោះជំហររបស់កម្ពុជា ដែលផ្តោតលើការដោះស្រាយដោយសន្តិវិធី។
ជាការឆ្លើយតប សម្តេច ហ៊ុន សែន បានសម្តែងការពេញចិត្តចំពោះការលើកឡើងរបស់អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី និងបានថ្លែងអំណរគុណដល់ប្រទេសម៉ាឡេស៊ី ដែលបានចូលរួមយ៉ាងសកម្មក្នុងកិច្ចខិតខំប្រឹងប្រែងស្វែងរកដំណោះស្រាយជុំវិញបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ។
សម្តេចក៏បានលើកឡើងជាពិសេសអំពីតួនាទីរបស់ម៉ាឡេស៊ី ក្នុងអាណត្តិជាប្រធានអាស៊ាន ដែលបានរួមចំណែកជំរុញដំណើរការដោះស្រាយបញ្ហា និងបង្កើតសមិទ្ធផលសំខាន់ៗ ដែលសម្តេចចាត់ទុកថា ជាមរតកមួយក្នុងអំឡុងពេលម៉ាឡេស៊ីធ្វើជាប្រធានអាស៊ាន។
ជាថ្មីម្តងទៀត សម្តេច ហ៊ុន សែន បានចែករំលែកអំពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងបានបញ្ជាក់ជំហររបស់កម្ពុជាថា ការដោះស្រាយបញ្ហាព្រំដែនត្រូវធ្វើឡើងដោយសន្តិវិធី តាមរយៈការគោរពច្បាប់អន្តរជាតិ និងយន្តការស្របច្បាប់៕
ដោយ៖ ង៉ែត ពិសាន្ត









