ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ជំនន់ទឹកស្ទឹងសំឡូតកំពុងហក់ឡើងខ្លាំង!!ផ្ទះនៅជាប់ដងស្ទឹងមួយចំនួនរងការជន់លិចនិងដំណាំរងបំផ្លាញ

KPS99TV

សេចក្តីសង្ខេប

ទឹកស្ទឹងនៅស្រុកសំឡូតកើនឡើង បង្កការលិចផ្ទះ ដំណាំ និងស្ពានមួយចំនួននៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦។ អាជ្ញាធរត្រៀមកម្លាំងសង្គ្រោះ និងបើកទ្វារទឹកកង្ហតជាបណ្ដើរៗ ព្រមទាំងឱ្យអ្នករស់នៅតាមស្ទឹងសង្កែប្រុងប្រយ័ត្ន។

ទឹកស្ទឹងនៅស្រុកសំឡូតបន្តហក់ឡើងខ្លាំងនារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ខណៈភ្លៀងនៅតែបង្អុរធ្លាក់មកជាបន្តបន្ទាប់ ធ្វើឱ្យកម្លាំងទឹកហៀរចេញពីស្ទឹងហូរកាត់ថ្នល់ជាបណ្ដើរៗបង្កឱ្យលំនៅឋានមួយចំនួនដែលស្ថិតនៅតាមបណ្ដោយដងស្ទឹងរងការជន់លិច និងផលដំណាំចំនួនរងការបំផ្លាញ។

បើតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរស្រុក បានប្រកាសឱ្យប្រជាពលរដ្ឋត្រៀមលក្ខណៈ និងប្រុងប្រយ័ត្នខ្ពស់ដោយសារទឹកស្ទឹងនៅតែបន្តឡើងឥតស្រាកស្រាន្ត ពិសេសអ្នកដែលរស់នៅតាមបណ្ដោយដងស្ទឹង ខណៈប៉ុន្មានថ្ងៃនេះភ្លៀងនៅតែបន្តធ្លាក់ជាប់ៗគ្នា ធ្វើឱ្យទឹកស្ទឹងត្រូវជោរជន់ដោយជំនន់ទឹកភ្លៀង ចាប់តាំងពីស្ទឹងបរឡាង រហូតមកទល់ស្ទឹងក្រញូង រួមទាំងស្ទឹងចម្លងគួយផងដែរ។

យ៉ាងណាមិញ គិតត្រឹមព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ ស្ថានភាពទឹកជំនន់បាននិងកំពុងហូរបែកវាលចូលដល់ឃុំកំពង់ល្ពៅ បង្កការលិចលង់ដំណាំកសិកម្ម និងផ្ទះសម្បែងប្រជាពលរដ្ឋនៅភូមិតាសាញត្បូង ឃុំតាសាញ។ ជាមួយគ្នានេះ ទឹកក៏បានហូរចូលដល់ឃុំអូរសំរិល ព្រមទាំងលិចស្ពានអូរថ្ម ស្ថិតក្នុងឃុំតាតោក ដែលទើបតែបានជួសជុលរួចថ្មីៗ។ លើសពីនេះ ទឹកបានបន្តហូរទៅដល់ឃុំសំឡូត និងលិចដល់បង្កាន់ដៃស្ពានអូរកំបោរ ក្នុងភូមិដូនត្រឹក ឃុំតាសាញ។

ដោយសារស្ថានភាពទឹកកំពុងបន្តកើនឡើង អាជ្ញាធរ និងកម្លាំងសមត្ថកិច្ចទាំង៣ស្ថាប័ននៅក្នុងស្រុក បានដាក់ពង្រាយកម្លាំងប្រចាំការទាំងថ្ងៃទាំងយប់ ដើម្បីត្រៀមអន្តរាគមន៍ និងជួយសង្គ្រោះប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់តំបន់រងផលប៉ះពាល់ដោយទឹកជំនន់។

ដោយឡែក គិតត្រឹមព្រឹកថ្ងៃទី១៣ ខែកក្កដា ស្ថានភាពទឹកនៅទំនប់ស្ទាក់ទឹកកង្ហត ស្ថិតក្នុងស្រុកបាណន់ បានកើនឡើងដល់កម្រិតច្រាលពេញមាត់ច្រាំង។ ដោយសារបរិមាណទឹកហូរធ្លាក់ពីតំបន់ខាងលើមានកម្លាំងខ្លាំង មន្ត្រីជំនាញបានសម្រេចបើកទ្វារទឹកជាបណ្តើរៗ ដើម្បីរំដោះទឹកឱ្យហូរចុះតាមដងស្ទឹងសង្កែ។

ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តបាត់ដំបង ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយដងស្ទឹងសង្កែ ក្នុងស្រុកបាណន់ ស្រុកសង្កែ ស្រុកឯកភ្នំ និងក្រុងបាត់ដំបង បង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ព្រោះបរិមាណទឹកអាចនឹងហូរធ្លាក់មកដល់តំបន់ទាំងនេះក្នុងពេលឆាប់ៗខាងមុខ៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…