សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជួបសម្តែងការគួរសមជាមួយ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រីចិន ក្នុងឱកាសបំពេញទស្សនកិច្ចការងារនៅប្រទេសចិន ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដំណើរទស្សនកិច្ចនេះធ្វើឡើងតបតាមការអញ្ជើញរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងត្រូវបានរំពឹងថា នឹងពង្រឹងបន្ថែមនូវចំណងមិត្តភាពជាប្រពៃណី និងជំរុញកិច្ចសហប្រតិប


ត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងពីរ។
ក្រសួងការបរទេសបានបញ្ជាក់ថា ទស្សនកិច្ចនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមរបស់កម្ពុជា និងចិន ក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងទ្វេភាគី និងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ។ ទន្ទឹមនឹងនេះ វាក៏នឹងក្លាយជាកម្លាំងចលករថ្មីសម្រាប់ការអនុវត្តភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ការលើកកម្ពស់ក្របខណ្ឌកិច្ចសហប្រតិបត្តិការ «ត្បូងពេជ្រ» និងការកសាង សហគមន៍វាសនារួមកម្ពុជា–ចិនគ្រប់រដូវកាលក្នុងយុគសម័យថ្មី។
ក្នុងអំឡុងពេលទស្សនកិច្ចនេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏នឹងអញ្ជើញចូលរួមពិធីបើក សន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក ឆ្នាំ២០២៦ (World Artificial Intelligence Conference 2026) នៅទីក្រុងសៀងហៃ នាថ្ងៃទី១៧ ខែកក្កដា ក្រោមមូលបទ «ភាពជាដៃគូក្នុងក្របខណ្ឌបញ្ញាសិប្បនិម្មិត ដើម្បីអនាគតកាន់តែត្រចះត្រចង់»។
ក្រៅពីជំនួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់របស់ចិន សម្តេចធិបតីក៏គ្រោងនឹងជួបពិភាក្សាជាមួយតំណាងក្រុមហ៊ុន និងធុរជនចិនធំៗជាច្រើន ដើម្បីស្វែងរកឱកាសថ្មីៗក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យវិនិយោគ ពាណិជ្ជកម្ម និងបច្ចេកវិទ្យា រវាងកម្ពុជា និងចិន។
ដោយ៖ KPS99TV
