ទូរទស្សន៍ខេត្តព្រះសីហនុ ថ្ងៃទី២៤ ខែកក្កដា៖ នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល ក្រសួងពាក់ព័ន្ធ អាជ្ញាធរខេត្ត និងជាពិសេសកងកម្លាំងប្រដាប់អាវុធ កំពុងធ្វើសកម្មភាពយ៉ាងសកម្ម និងក្លាហាន ដើម្បីការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី និងផលប្រយោជន៍ជាតិ មិនត្រឹមតែតាមផ្លូវយោធាប៉ុណ្ណោះទេ ប៉ុន្តែក៏តាមផ្លូវការទូតផងដែរ ព្រមទាំងជួយប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយការឈ្លានពានរបស់កងទ័ពថៃ។
តាមសេចក្ដីរាយការណ៍ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងដូចខាងលើ បន្ទាប់ពីកងកម្លាំងប្រដាប់អាវុធកម្ពុជាបានអនុវត្តសិទ្ធិការពារខ្លួនស្របច្បាប់ ដើម្បីឆ្លើយតបនឹងកងទ័ពថៃដែលបានបាញ់ប្រហារលើកងទ័ពកម្ពុជាមុននៅព្រឹកថ្ងៃដដែល។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា៖ «នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែកក្កដា ឆ្នាំ២០២៥ កងទ័ពថៃបានវាយប្រហារលើទីតាំងប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី ក្នុងខេត្តឧត្តរមានជ័យ ដែលមានកងទ័ពកម្ពុជាឈរជើង ហើយបានពង្រីកវិសាលភាពនៃការវាយប្រហារយោធាទៅដល់ “តំបន់ត្រីកោណ”»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាតែងតែប្រកាន់ជំហរដោះស្រាយវិវាទតាមមធ្យោបាយសន្តិវិធី ប៉ុន្តែក្នុងស្ថានភាពបច្ចុប្បន្ន កម្ពុជាគ្មានជម្រើសផ្សេងក្រៅពីប្រើកម្លាំងប្រដាប់អាវុធវាយបក ដើម្បីឆ្លើយតបនឹងការឈ្លានពានប្រដាប់អាវុធរបស់ភាគីថៃ។
លោកនាយករដ្ឋមន្ត្រីក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋកម្ពុជាទាំងអស់រក្សាទំនុកចិត្តលើរាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធ ដោយជឿជាក់ថា កងកម្លាំងទាំងនោះកំពុងឈរជើងនៅសមរភូមិជួរមុខ ដើម្បីការពារបូរណភាពទឹកដីជាតិ។ ទន្ទឹមនឹងនេះ លោកក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋរក្សាភាពស្ងប់ស្ងាត់ និងសណ្ដាប់ធ្នាប់ ព្រមទាំងបន្តជីវភាពប្រចាំថ្ងៃ និងការងារដោយស្ងប់ចិត្ត។
អ្នកយកព័ត៌មាន៖ Nget Pisan
អ្នកកែសម្រួល៖ 林秋填

