ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

វេទិកាភាពជាដៃគូជំរុញការគ្រប់គ្រងធនធានជលផល នៅព្រះសីហនុ ដើម្បីអភិរក្សធនធានជលផល និងអភិបាលកិច្ចសហគមន៍

KPS99TVសរសេរ:ប៉ៃ សុឃីមថតរូប:កែវ ដារ៉ា

សេចក្តីសង្ខេប

វេទិកាភាពជាដៃគូស្តីពីធនធានជលផលនិងអភិបាលកិច្ចសហគមន៍ បានរៀបចំនៅស្រុកព្រៃនប់ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦។ មន្ត្រី សហគមន៍នេសាទ និងដៃគូបានពិភាក្សាការអភិរក្ស ការអនុវត្តច្បាប់ និងជីវភាពសហគមន៍។ ខេត្តព្រះសីហនុមានសហគមន៍នេសាទ១៧ ដែលចូលរួមសហគ្រប់គ្រងធនធាន។

ខេត្តព្រះសីហនុ៖ វេទិកាពិគ្រោះយោបល់ក្នុងភាពជាដៃគូ ស្តីពី ការគ្រប់គ្រងធនធានជលផល និងអភិបាលកិច្ចសហគមន៍ ត្រូវបានរៀបចំឡើងនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ នៅស្រុកព្រៃនប់ ដោយមានការចូលរួមពីឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក យូសុះ សូឡៃម៉ាន អភិបាលរងខេត្តព្រះសីហនុ អាជ្ញាធរមូលដ្ឋាន រដ្ឋបាលជលផល សហគមន៍នេសាទ អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍។ វេទិកានេះមានគោលបំណងពង្រឹងកិច្ចសហការក្នុងការគ្រប់គ្រង ការពារ អភិរក្ស និងប្រើប្រាស់ធនធានជលផលប្រកបដោយចីរភាព។

លោក សុខ សុខុម នាយកអង្គការស្រលាញ់ធនធានធម្មជាតិកម្ពុជា (CNRO) បានថ្លែងថា ធនធានជលផលសមុទ្រ និងប្រព័ន្ធអេកូឡូស៊ីតំបន់ឆ្នេរ មានសារៈសំខាន់យ៉ាងខ្លាំងចំពោះសន្តិសុខស្បៀង ការអភិវឌ្ឍសេដ្ឋកិច្ច ជីវភាពប្រជាពលរដ្ឋ និងការរក្សាតុល្យភាពបរិស្ថាន។ លោកបានគូសបញ្ជាក់ថា សហគមន៍នេសាទបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិរក្ស និងគ្រប់គ្រងធនធានជលផល ប៉ុន្តែក៏នៅតែប្រឈមនឹងបញ្ហាបទល្មើសនេសាទ ការកាប់បំផ្លាញព្រៃកោងកាង ការទន្ទ្រានដីសាធារណៈ និងការបំពុលបរិស្ថាន។

ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់លើការអភិវឌ្ឍសេដ្ឋកិច្ចសហគមន៍ គួបផ្សំនឹងការអភិរក្សធនធានធម្មជាតិ តាមរយៈការពង្រឹងសហគមន៍នេសាទ បណ្តាញសហគមន៍ និងតំបន់គ្រប់គ្រងជលផលសមុទ្រ។ ទន្ទឹមនឹងនេះ ក្រសួងក៏កំពុងធ្វើបច្ចុប្បន្នភាពច្បាប់ និងលិខិតបទដ្ឋានពាក់ព័ន្ធ ដើម្បីបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងធនធានជលផល និងការអភិវឌ្ឍតំបន់ឆ្នេរប្រកបដោយចីរភាព។

ឯកឧត្តមបានបញ្ជាក់ថា វេទិកានេះជាឱកាសសម្រាប់ភាគីពាក់ព័ន្ធទាំងអស់ ចែករំលែកបទពិសោធន៍ ផ្លាស់ប្តូរយោបល់ និងស្វែងរកដំណោះស្រាយរួម ដើម្បីពង្រឹងអភិបាលកិច្ចសហគមន៍ ការពារធនធានជលផល និងលើកកម្ពស់ជីវភាពប្រជានេសាទឱ្យកាន់តែប្រសើរ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងពាក្យស្លោក «មានហូប មានប្រើ មានបាន និងមានរហូត»។

មានប្រសាសន៍នាឱកាសនោះលោក យូសុះ សូឡៃម៉ាន អភិបាលរងខេត្តព្រះសីហនុ ដោយថ្លែងអំណរគុណដល់ក្រសួង អគ្គនាយកដ្ឋានជលផល អង្គការដៃគូ អង្គការសង្គមស៊ីវិល និងសហភាពអឺរ៉ុប ដែលបានគាំទ្រការអភិរក្សធនធានសមុទ្រ និងការអភិវឌ្ឍជីវភាពសហគមន៍តំបន់ឆ្នេរ។

លោកអភិបាលរងខេត្តបានឱ្យដឹងថា ខេត្តព្រះសីហនុមានសហគមន៍នេសាទចំនួន ១៧ ដែលកំពុងចូលរួមយ៉ាងសកម្មក្នុងការសហគ្រប់គ្រង និងអភិរក្សធនធានជលផល។ ទោះជាយ៉ាងណា ធនធានធម្មជាតិនៅតែប្រឈមនឹងសម្ពាធពីការអភិវឌ្ឍ ការវិនិយោគ ការទន្ទ្រានដីធ្លី និងការប្រើប្រាស់ធនធានលើសកម្រិត ដែលទាមទារឱ្យមានការពង្រឹងការអនុវត្តច្បាប់ និងការវាយតម្លៃផលប៉ះពាល់បរិស្ថានឱ្យកាន់តែមានប្រសិទ្ធភាព។

ហើយ រដ្ឋបាលខេត្តបានប្តេជ្ញាបន្តកិច្ចសហការជាមួយក្រសួង ស្ថាប័នជំនាញ និងដៃគូអភិវឌ្ឍន៍ ដើម្បីការពារព្រៃកោងកាង អភិរក្សធនធានជលផល និងលើកកម្ពស់ជីវភាពប្រជាសហគមន៍ប្រកបដោយចីរភាព៕

អត្ថបទ៖ ប៉ៃ សុឃីម

រូបភាព៖ កែវ ដារ៉ា

មតិយោបល់

កំពុងផ្ទុកមតិយោបល់…