សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅល្ងាចថ្ងៃពុធ ទី១៥ ខែកក្កដា ឆ្នាំ២០២៦នេះ បានអញ្ជើញជួបពិភាក្សាការងារជាមួយលោក Wu Yujie តំណាងក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone ។ ជំនួបនេះ ធ្វើឡើងក្នុងឱកាសសម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញទៅប្រទេសចិន ដើម្បីចូលរួមពិធីបើកសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោកឆ្នាំ២០២៦ ក្រោមមូលបទ «ភាពជាដៃគូក្នុងក្របខ័ណ្ឌបញ្ញាសិប្បនិម្មិត ដើម្បីអនាគតកាន់តែត្រចះត្រចង់» នៅទីក្រុងសៀងហៃ នៅថ្ងៃទី១៧ ខែកក្កដា។
ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone គឺជាក្រុមហ៊ុនវិនិយោគកសិ-ឧស្សាហកម្មដ៏ធំមួយរបស់ប្រទេសចិន។ បច្ចុប្បន្នក្រុមហ៊ុនកំពុងមានសកម្មភាពវិនិយោគនៅកម្ពុជា ដែលបានចាប់ផ្តើមតាំងពីឆ្នាំ២០១២មក លើវិស័យកសិកម្ម ដោយផ្ដោតលើដំណាំដំឡូងមី និងស្វាយចន្ទី ហើយក្រុមហ៊ុនមានគម្រោងពង្រីកការវិនិយោគលើដំណាំដំឡូងមី និងគ្រាប់ស្វាយចន្ទី និងដំឡើងរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជាបន្ថែមទៀត។ សកម្មភាពវិនិយោគនេះបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតការងារដោយផ្ទាល់ និងដោយប្រយោលសម្រាប់ប្រជាជន និងរួមចំណែកលើកកម្ពស់វិស័យកសិ-ឧស្សាហកម្មកម្ពុជា៕
ដោយ៖ ង៉ែត ពិសាន្ត









