អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ ឯកឧត្តម កៅ ថាច នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ បានជំរុញនិងគាំទ្រយន្តការកិច្ចសន្យាផលិតកម្មកសិកម្មរវាងក្រុមហ៊ុន City Rice និងក្រុមកសិករអ្នកផលិតស្រូវ នៅស្រុកបាណន់ ដើម្បីរួមគ្នាធានាការទិញស្រូវពីកសិករ ក្នុងតម្លៃសមរម្យ និងមានភាពប្រកួតប្រជែងនៅលើទីផ្សារ។
ក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាផលិតកម្មកសិកម្ម ស្តីពីការផលិត និងការផ្គត់ផ្គង់ស្រូវ រវាងលោក ឡាយ ឈុនហាំង តំណាងក្រុមហ៊ុន City Rice Import Export Co., Ltd និងភាគីក្រុមកសិករអ្នកផលិតស្រូវ ឯកឧត្តម កៅ ថាច បានលើកឡើងថា គោលបំណងនៃពិធីចុះហត្ថលេខានេះ គឺដើម្បីបង្កើតភាពជាដៃគូរវាងវិស័យឯកជន និងប្រជាកសិករ តាមរយៈការធានាទិញស្រូវពីកសិករ ក្នុងតម្លៃសមរម្យ និងមានស្ថិរភាព។ ឯកឧត្តម បញ្ជាក់ថា យន្តការនេះនឹងជួយកាត់បន្ថយហានិភ័យផ្នែកទីផ្សារ និងការបង្អាប់ថ្លៃពីឈ្មួញមួយចំនួន ដែលអាចប៉ះពាល់ដល់ប្រាក់ចំណូលរបស់ប្រជាកសិករ។
ឯកឧត្តម កៅ ថាច បានវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមនេះ បើទោះបីជាជាជំហានសាកល្បងក៏ដោយ ហើយសង្ឃឹមថា ការចាប់ផ្តើមនេះនឹងអាចពង្រីកបន្ថែមទៀត ដើម្បីបង្ហាញឱ្យប្រជាកសិករមានជំនឿទុកចិត្តលើធនាគារ ARDB ដែលជាធនាគារបម្រើវិស័យកសិកម្មអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ដូច្នេះ ភាគីទាំងពីរត្រូវមានជំនឿទុកចិត្ត និងគោរពគ្នាទៅវិញទៅមក ក្នុងភាពជាដៃគូ។
ឯកឧត្តម បានចាត់ទុកយន្តការ «កិច្ចសន្យាផលិតកម្មកសិកម្ម» ជាឧបករណ៍ដ៏មានប្រសិទ្ធភាពមួយ ក្នុងការផ្សារភ្ជាប់រវាងតម្រូវការទីផ្សារ និងការផលិត ព្រោះវាមិនត្រឹមតែជួយឱ្យប្រជាកសិករមានភាពកក់ក្តៅចិត្តក្នុងការបង្កបង្កើនផលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យក្រុមហ៊ុននាំចេញអង្ករមានប្រភពផ្គត់ផ្គង់ស្រូវដែលមានគុណភាព និងស្តង់ដារច្បាស់លាស់ សម្រាប់បម្រើដល់ការនាំចេញផងដែរ។
ជាមួយគ្នានេះ ឯកឧត្តម កៅ ថាច បានណែនាំដល់ភាគីទាំងពីរ ឱ្យគោរពស្មារតីនៃកិច្ចសន្យាដោយស្មោះត្រង់។ ជាពិសេស ក្រុមផលិតស្រូវត្រូវខិតខំដាំដុះតាមបច្ចេកទេស និងបទដ្ឋានគុណភាពដែលក្រុមហ៊ុននាំចេញ និងរោងចក្រកែច្នៃអង្ករត្រូវការ ខណៈក្រុមហ៊ុន City Rice ត្រូវធានាទិញស្រូវពីកសិករ តាមតម្លៃ និងលក្ខខណ្ឌដែលបានព្រមព្រៀងគ្នា ដើម្បីរក្សានិរន្តរភាពនៃកិច្ចសហប្រតិបត្តិការនាពេលអនាគត។
បន្ថែមពីនេះ ឯកឧត្តម កៅ ថាច បានជំរុញឱ្យកសិករយកចិត្តទុកដាក់គិតគូរពីថ្លៃដើមផលិតកម្មឱ្យបានច្បាស់លាស់ ដើម្បីបង្កើនប្រាក់ចំណេញ ព្រមទាំងណែនាំឱ្យប្រជាកសិករចូលរួមជាមួយសមាគមបណ្តាញកសិករតេជោ ដែលជាស្ពានជួយសម្របសម្រួលការតភ្ជាប់ព័ត៌មានបច្ចេកទេស ទីផ្សារ ប្រភពទុនដែលមានអត្រាការប្រាក់ទាប និងស្វែងរកអ្នកទិញ។
លើសពីនេះ ធនាគារ ARDB ក្នុងនាមជាធនាគារគោលនយោបាយរបស់រាជរដ្ឋាភិបាល នឹងបន្តគាំទ្រផ្នែកហិរញ្ញប្បទាន ដោយផ្តល់ឥណទានមានអត្រាការប្រាក់ទាបដល់កសិករ សម្រាប់ទុនបង្វិលក្នុងការដាំដុះ និងដល់ក្រុមហ៊ុនកិនស្រូវ សម្រាប់ប្រមូលទិញ និងស្តុកទុកស្រូវ។ ការគាំទ្រនេះ ជាការរួមចំណែកដ៏សំខាន់ក្នុងការរក្សាលំនឹងតម្លៃស្រូវនៅលើទីផ្សារជាតិ៕
ដោយ៖ ង៉ែត ពិសាន្ត











