ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ប្រជាពលរដ្ឋជាជនពិការក្រលំបាកមួយគ្រួសារទទួលបានដី១០មx៥០ម៉ែត្រនិងផ្ទះមួយខ្នងពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តព្រះសីហនុ

KPS99TVសរសេរ:ប៉ៃ សុឃីម

សេចក្តីសង្ខេប

នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ តំណាងសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តព្រះសីហនុ បានប្រគល់ដី១០ម៉ែត្រ x ៥០ម៉ែត្រ និងផ្ទះមួយខ្នង ជាអំណោយរបស់អភិបាលខេត្ត ម៉ាង ស៊ីណេត និងលោកជំទាវ ជូនគ្រួសារលោក ម៉ៅ រឿន ដែលជាជនពិការ និងមានជីវភាពខ្វះខាត។ ក្រុមការងារក៏បាននាំយកអំណោយមនុស្សធម៌ដោយឡែកពីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី។

ខេត្តព្រះសីហនុ៖ ដោយយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែលជួបការលំបាក ជាពិសេសជនពិការ កាលពីរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី នូវ សំអុល មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តព្រះសីហនុ រួមជាមួយសហការី តំណាងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត បានប្រគល់ដីលំនៅឋានទំហំ ១០ម៉ែត្រ x ៥០ម៉ែត្រ និងផ្ទះមួយខ្នង ស្ថិតនៅភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ជូនដល់គ្រួសារលោក ម៉ៅ រឿន ដែលជាជនពិការ និងមានជីវភាពខ្វះខាត។

គ្រួសារលោក ម៉ៅ រឿន និងភរិយាឈ្មោះ គង់ សុខា បច្ចុប្បន្នកំពុងរស់នៅផ្ទះជួល ស្ថិតក្នុងភូមិអុង សង្កាត់រាម ក្រុងកំពង់សោម ខេត្តព្រះសីហនុ។ គ្រួសារនេះមានសមាជិកក្នុងបន្ទុកចំនួន ៣នាក់ ដែលកំពុងប្រឈមនឹងការលំបាកផ្នែកជីវភាព និងទីជម្រករស់នៅ។

ការផ្តល់ដី និងផ្ទះនាពេលនេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ម៉ាង ស៊ីណេត និងលោកជំទាវ ដែលបានបង្ហាញពីការយកចិត្តទុកដាក់ចំពោះសុខុមាលភាពរបស់ប្រជាពលរដ្ឋងាយរងគ្រោះ និងជាការរួមចំណែកលើកកម្ពស់គុណភាពជីវភាពឱ្យកាន់តែប្រសើរឡើង។

ក្នុងឱកាសនោះផងដែរ លោកឧត្តមសេនីយ៍ត្រី នូវ សំអុល និងសហការី ក៏បាននាំយកអំណោយមនុស្សធម៌របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រគល់ជូនគ្រួសារលោក ម៉ៅ រឿន ដើម្បីជួយសម្រួលជីវភាពប្រចាំថ្ងៃ។

អំណោយរួមមាន អង្ករ ៥០គីឡូក្រាម ត្រីខ ទឹកត្រី ទឹកក្រូច មី ទឹកសុទ្ធ ភួយ កន្ទេល និងមុង ព្រមទាំងសម្ភារៈប្រើប្រាស់ចាំបាច់មួយចំនួនទៀត ដែលនឹងជួយសម្រាលបន្ទុកជីវភាពរបស់គ្រួសារក្នុងដំណាក់កាលដំបូងនៃការផ្លាស់ប្តូរទីលំនៅថ្មី។

សកម្មភាពមនុស្សធម៌នេះ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំខេត្ត និងសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តព្រះសីហនុ ក្នុងការជួយឧបត្ថម្ភប្រជាពលរដ្ឋដែលមានការលំបាកពិតប្រាកដ ឱ្យមានទីជម្រកសមរម្យ និងលើកទឹកចិត្តឱ្យពួកគាត់អាចកសាងជីវិតបានកាន់តែប្រសើរនាពេលអនាគត៕

ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…