អាជ្ញាធរជាតិអប្សរា តាមរយៈនាយកដ្ឋានគ្រប់គ្រងទឹកព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ បានបន្តចែកចាយកូនឈើដោយឥតគិតថ្លៃចំនួន ១៤,២០៨ដើមបន្ថែមទៀត ដល់សាធារណជននៅតាមបណ្តាខេត្តជិតឆ្ងាយ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦។
កូនឈើចម្រុះដែលបានផ្តល់ជូនទាំងនោះរួមមាន៖ ឈើទាល គ្រញូង បេង ធ្នង់ គគីរ ផ្តៀក កកោះ អង្កាញ់ និងប្រភេទរុក្ខជាតិផ្កាព្រៃ។ នេះជាផ្នែកមួយនៃការរួមចំណែកបង្កើនគម្របព្រៃឈើនៅក្នុងប្រទេសកម្ពុជា។ សាធារណជនដែលមានបំណងយកកូនឈើទៅដាំនៅដីទំនេរផ្ទាល់ខ្លួន ឬនៅតាមស្ថាប័ននានា អាចទំនាក់ទំនងស្នើសុំនៅអាជ្ញាធរជាតិអប្សរាបាន ហើយការផ្តល់ជូននេះគឺដោយឥតគិតថ្លៃ៕
ប្រភព៖ អាជ្ញាធរជាតិអប្សរា
ដោយ៖ ធី លីថូ






