រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ឯកឧត្តម ហួត ហាក់ បានលើកឡើងថា វិស័យទេសចរណ៍មិនត្រឹមតែនាំមកនូវចំណូល និងការងារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាស្ពាននាំមកនូវឱកាសវិនិយោគផ្ទាល់។ ឯកឧត្តម ហួត ហាក់ លើកឡើងបែបនេះ នៅក្នុងវេទិការធុរកិច្ចទេសចណ៍ឆ្នាំ២០២៦ និងដំណើរកម្សាន្តទេសចរណ៍ចិនមកកាន់ខេត្តព្រះសីហនុ ក្រោមប្រធានបទ៖ «ផ្សព្វផ្សាយយុទ្ធនាការរដូវកាលបៃតង ទស្សនាខេត្តព្រះសីហនុ-កម្ពុជា» នៅព្រឹកថ្ងៃទី២៩ ខែកក្កដានេះ។
ឯកឧត្តមរដ្ឋមន្រ្តី បានកត់សម្គាល់ថា ការបង្កើតវេទិកាធុរកិច្ចទេសចរណ៍ឆ្នាំ២០២៦នេះ គឺជាវេទិកាដ៏ស័ក្តិសមបំផុតក្នុងការប្រមូលផ្តុំមតិយោបល់ក៏ដូចជាការស្វែងរកកិច្ចសហការថ្មីៗរវាងរដ្ឋនិងឯកជន។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី សង្ឃឹមថា វេទិកានេះ នឹងសម្រេចបាននូវកិច្ចព្រមព្រៀងធុរកិច្ចធំៗជាច្រើន ហើយគណៈប្រតិភូចិនទាំងអស់នឹងនាំយកនូវចំណាប់អារម្មណ៍ដ៏ល្អៗអំពីសក្តានុពលទេសចរណ៍ ចាប់យកនូវកាលានុវត្តភាពវិនិយោគថ្មីៗ និងភាពកក់ក្តៅពីខេត្តព្រះសីហនុ ក៏ដូចជាពីកម្ពុជាទាំងមូលទៅកាន់ស្រុកកំណើតវិញ ដើម្បីផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា ពិសេសខេត្តព្រះសីហនុទៅទេសចរនិងវិនិយោគិនចិន ក៏ដូចជាទៅកាន់សកលលោក សំដៅជំរុញឱ្យមានលំហូរទេសចរ និងវិនិយោគិនមកកាន់ខេត្តព្រះសីហនុ និងកម្ពុជាកាន់តែច្រើនឡើងថែមទៀត។
ជាមួយគ្នានេះ ឯកឧត្តម ហួត ហាក់ បានអំពាវនាវដល់មិត្តចិនទាំងអស់មិនថា ភ្ញៀវទេសចរឬអ្នកវិនិយោគឡើយ សូមអញ្ជើញមកកាន់ប្រទេសកម្ពុជា ដោយក្តីជឿជាក់ និងមានទំនុកចិត្ត ហើយសូមអញ្ជើញមកទទួលយកនូវបដិសណ្ឋាកិច្ចរាក់ទាក់ ស្នាមញញឹមដ៏ស្មោះស័្មគ្រ និងភាពកក់ក្តៅរបស់ប្រជាជនកម្ពុជា។
ឯកឧត្តមរដ្ឋមន្រ្តី បានសង្កត់ធ្ងនថា ប្រទេសកម្ពុជា មិនត្រឹមតែជាគោលដៅដ៏ទាក់ទាញប៉ុណ្ណោះទេ តែក៏ជាទីកន្លែងដែលធានាថា រាល់ការស្នាក់នៅ ការកម្សាន្ត និងការធ្វើធុរកិច្ច នឹងប្រព្រឹត្តទៅដោយរលូនទទួលបាននូវអារម្មណ៍សុវត្ថិភាព និងកក់ក្តៅ ប្រៀបដូចជាការត្រឡប់មកកាន់ផ្ទះកំណើតរបស់ខ្លួន៕
អត្ថបទ៖ ង៉ែត ពិសាន្ត
រូបភាព៖ ក្រុមការងារ KPS99TV




