អគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ចប់ការហាត់សមក្បួនហែរអមទ្រង់ទ្រាយធំលើកទី៤ ប្រកបដោយជោគជ័យ នៅរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីត្រៀមលក្ខណៈការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព សម្រាប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខ។ ការហាត់សមនេះ ធ្វើឡើងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងជាប្រធានអនុគណៈកម្មការទី៤ (សន្តិសុខ សណ្តាប់ធ្នាប់ និងសង្គ្រោះ) ដោយកងកម្លាំងនគរបាលនៃនាយកដ្ឋានអង្គរក្ស បានអនុវត្តការហាត់សមក្បួនហែរអមនៅតាមភូមិសាស្ត្ររាជធានីភ្នំពេញ និងអាកាសយានដ្ឋានអន្តរជាតិតេជោ។
ការហាត់សមមានគោលបំណងវាស់ស្ទង់សមត្ថភាព ប្រសិទ្ធភាពនៃការសម្របសម្រួល និងការឆ្លើយតបរបស់កងកម្លាំង ក្នុងការធានាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនថ្នាក់ដឹកនាំ និងគណៈប្រតិភូអន្តរជាតិ ដែលនឹងចូលរួមកិច្ចប្រជុំដ៏សំខាន់នេះ។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ និងជាអ្នកទទួលបន្ទុកដឹកនាំការងារនាយកដ្ឋានអង្គរក្ស បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរទាំងអស់ ដែលបានបង្ហាញការយោគយល់ និងអធ្យាស្រ័យ ចំពោះការកកស្ទះចរាចរណ៍ជាបណ្តោះអាសន្ន អំឡុងពេលក្បួនហែរអមឆ្លងកាត់។
លោកឧត្តមសេនីយ៍ឯក យឹម លាង បានបញ្ជាក់ថា ការហាត់សមលើកទី៤នេះ បានប្រព្រឹត្តទៅដោយរលូន សម្រេចបានតាមផែនការដែលបានគ្រោងទុក ខណៈកងកម្លាំងទាំងអស់បានបង្ហាញពីវិន័យ ស្មារតីទទួលខុសត្រូវខ្ពស់ និងការត្រៀមខ្លួនរួចជាស្រេច ដើម្បីធានាឱ្យកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ប្រព្រឹត្តទៅដោយសុវត្ថិភាព សន្តិសុខ និងជោគជ័យ៕ ដោយ៖ ប៉ៃ សុឃីម







