រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ប្រហិតខូចគុណភាពនិងគេចពន្ធជិត៣០០គីឡូត្រូវបានបង្ក្រាបនិងដកហូតតាមផ្លូវទឹកនៅស្រុកអង្គរបូរី

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

ទំនិញគេចពន្ធមានប្រហិតខូចគុណភាពជិត៣០០គីឡូក្រាម ដែលឈ្មូញលួចដឹកជញ្ជូនតាមផ្លូវទឹក ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកអង្គរបូរីសហការជាមួយមន្ត្រីជំនាញ ចុះស្ទាក់ចាប់ និងបង្ក្រាបដោយដកហូតយកទៅដុតកម្ទេចចោលភ្លាមៗ កាលពីរសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៦។

ប្រតិបតិ្តការដែលធ្វើឡើងនៅចំណុចប្រឡាយលេខ០៤ ស្ថិតក្នុងភូមិភ្នំបូរី ឃុំព្រែកទោល ស្រុកអង្គរបូរី ខេត្តតាកែវ កម្លាំងជំនាញបានដកហូតវត្ថុតាងជាប្រហិតខូចគុណភាពដែលជាទំនិញគេចពន្ធសរុបចំនួន ៤៩កេស ស្មើនឹង ២៧៤គីឡូក្រាម។ វត្ថុតាងទាំងនេះ ត្រូវបានមន្ត្រីជំនាញបានចាត់វិធានការដុតកម្ទេចចោលភ្លាមៗទៅតាមនីតិវិធី និងស្របតាមច្បាប់ជាធរមាន។

ការបង្ក្រាបនេះដឹកនាំដោយលោក កង អាណាន់ អភិបាលនៃគណៈអភិបាលស្រុកអង្គរបូរី និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក សហការជាមួយសាខាការិយាល័យ ក.ប.ប. ខេត្តតាកែវ និងការិយាល័យគយ និងរដ្ឋាករច្រកបាក់ដៃ។

យ៉ាងណា រដ្ឋបាលស្រុកអង្គរបូរី បានបញ្ជាក់ថា អាជ្ញាធរនឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយអង្គភាពពាក់ព័ន្ធបន្តទៀត ដើម្បីទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសគេចពន្ធ ក៏ដូចជាការដឹកជញ្ជូនទំនិញខុសច្បាប់គ្រប់ប្រភេទ សំដៅធានាការពារសុខុមាលភាពរបស់ប្រជាពលរដ្ឋឱ្យបានល្អប្រសើរ៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…