(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ជាមួយកម្មករនិយោជិតនៅរោងចក្រ តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង (ខេមបូឌា) ឯ.ក (Toyota Tsusho Manufacturing (Cambodia) Co., Ltd) ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ កាលពីព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦។
ការអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនីប្រកបដោយបរិយាកាសរីករាយ និងភាពស្និទ្ធស្នាលនាពេលនេះ ថ្នាក់ដឹកនាំក្រសួងការងារបានសាកសួរសុខទុក្ខដោយផ្ទាល់ និងឈ្វេងយល់ពីស្ថានភាពការងារប្រចាំថ្ងៃរបស់កម្មករនិយោជិត ដែលកំពុងបម្រើការងារនៅរោងចក្រ ដើម្បីផ្តល់ជាដំណោះស្រាយជូនជាបន្តបន្ទាប់។
នាឱកាសនោះ ឯកឧត្តម ហេង សួរ បានបង្ហាញនូវក្តីរីករាយយ៉ាងក្រៃលែងដែលកម្មករនិយោជិតនៅទីនេះភាគច្រើន បានបញ្ចប់ការសិក្សាពីគ្រឹះស្ថាន TVET ដែលជាមោទនភាពសម្រាប់ក្មួយៗផ្ទាល់ និងសម្រាប់ TVET ក៏ដូចជាសម្រាប់ប្រទេសជាតិផងដែរ ចំពោះការផ្គុំ និងដំឡើងរថយន្តដោយកូនខ្មែរព្រោះថា រថយន្ត តូយ៉ូតា ជាម៉ាកគុណភាព និងពេញនិយមប្រើប្រាស់នៅកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យក្មួយៗបន្តឆ្លៀតពេលពីការងារចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈកម្រិតខ្ពស់បន្ថែមទៀតនៅគ្រឹះស្ថាន TVET និងបានផ្តាំផ្ញើឱ្យបន្តយកចិត្តទុកដាក់បំពេញការងារ លើកកម្ពស់ជំនាញវិជ្ជាជីវៈ និងរួមគ្នាថែរក្សាសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ ដើម្បីបង្កើនផលិតភាពការងារ រួមចំណែកដល់ការអភិវឌ្ឍរោងចក្រ ក៏ដូចជាសេដ្ឋកិច្ចជាតិ។
បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានវាយតម្លៃខ្ពស់ចំពោះម្ចាស់រោងចក្រដែលបានផ្តល់ឱកាសការងារ និងអនុវត្តប្រកបដោយអនុលោមភាពតាមច្បាប់ស្តីពីការងារបានយ៉ាងល្អប្រសើរ ក៏ដូចជាផ្តល់អត្ថប្រយោជន៍នានាជូនដល់បងប្អូនកម្មករនិយោជិត ហើយរោងចក្រនេះមានប្រព័ន្ធគ្រប់គ្រងដោយបច្ចេកវិទ្យា និងកន្លែងធ្វើការប្រកបដោយផាសុកភាព។ ក្រសួងនឹងបន្តកិច្ចសហការជាមួយក្រុមហ៊ុនដើម្បីផ្តល់ឱកាសទទួលបានការបណ្តុះបណ្តាល ការងារ និងប្រាក់ចំណូលកាន់តែប្រសើរបន្ថែមទៀត៕
ដោយ៖ ធី លីថូ







