រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

គណបក្សប្រជាជនកម្ពុជាក្រុងព្រះសីហនុ បញ្ចូលសមាជិកថ្មី ២,៨០១នាក់ បន្តពង្រឹងមូលដ្ឋាន និងពង្រីកការគាំទ្រដល់គណបក្ស

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

ខេត្តព្រះសីហនុ៖ គណបក្សប្រជាជនកម្ពុជាក្រុងព្រះសីហនុ បានរៀបចំពិធីបញ្ចូលសមាជិកថ្មីចំនួន ២,៨០១នាក់ ក្នុងនោះស្ត្រី ១,៤៨៣នាក់ មកពីសង្កាត់លេខ១ លេខ២ លេខ៣ និងលេខ៤ នៃក្រុងព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តមឧប សាយ សំអាល់ សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្ត និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ រួមជាមួយថ្នាក់ដឹកនាំ មន្ត្រីគណបក្ស និងសមាជិកជាច្រើនរូបនារសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦។

លោក សរ កក្កដា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រុងព្រះសីហនុ បានធ្វើរបាយការណ៍ដោយលើកឡើងថា ការបញ្ចូលសមាជិកថ្មីលើកនេះ បានឆ្លុះបញ្ចាំងពីការជឿទុកចិត្ត និងការគាំទ្រកាន់តែរឹងមាំចំពោះគណបក្សប្រជាជនកម្ពុជា។ គិតត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជាក្រុងព្រះសីហនុ មានសមាជិកសរុប ៤១,០០២នាក់ ស្មើប្រមាណ ៧៣,៦ភាគរយ នៃអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត។

លោកបានបញ្ជាក់ថា គណបក្សបានបន្តអនុវត្តយុទ្ធសាស្ត្រ «សមាជិកគណបក្ស ១រូប គឺជាសន្លឹកឆ្នោតគាំទ្រ ១សន្លឹក» ស្របជាមួយការខិតខំដោះស្រាយសំណូមពររបស់ប្រជាពលរដ្ឋ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ប្រព័ន្ធលូរំដោះទឹកជំនន់ និងលើកកម្ពស់វិស័យអប់រំ សុខាភិបាល ក្នុងមូលដ្ឋាន។

ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានស្វាគមន៍ និងថ្លែងអំណរគុណដល់សមាជិកថ្មីដែលបានសម្រេចចិត្តចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ដោយចាត់ទុកថា ជាកម្លាំងថ្មីក្នុងការរួមចំណែកថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រទេសជាតិ។

ឯកឧត្តមឧបប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុ ក៏បានអំពាវនាវឱ្យសមាជិកគណបក្សគ្រប់លំដាប់ថ្នាក់ បន្តចុះជិតប្រជាពលរដ្ឋ ស្តាប់ និងដោះស្រាយបញ្ហាជាក់ស្តែងនៅមូលដ្ឋាន ព្រមទាំងពង្រឹងអង្គការគណបក្សឱ្យកាន់តែរឹងមាំ។ ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់  បានលើកឡើងថា ខេត្តព្រះសីហនុកំពុងបន្តអភិវឌ្ឍលើវិស័យឧស្សាហកម្ម កំពង់ផែ អាកាសយានដ្ឋាន ហេដ្ឋារចនាសម្ព័ន្ធ និងការដឹកជញ្ជូន ព្រមទាំងជំរុញវិស័យកសិកម្ម និងវារីវប្បកម្ម ដើម្បីពង្រឹងសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

«សូមតាមដាន KPS99 ដើម្បីទទួលបានព័ត៌មានថ្មីៗ!»៕

អត្ថបទ៖ ប៉ៃ សុឃីម

រូបភាព៖ ឡាយ ចាន់ដា

មតិយោបល់

កំពុងផ្ទុកមតិយោបល់…