រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឲ្យប្រធានសភាពាណិជ្ជកម្មចិនប្រចាំហុងកុង ពិភាក្សាពង្រឹងកិច្ចសហប្រតិបត្តិការ និងការវិនិយោគនៅកម្ពុជា

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យលោក ចូណាថាន ចៅ (Jonathan K.S. Choi) ប្រធានក្រុមហ៊ុន Sunwah Group ប្រធានសភាពាណិជ្ជកម្មចិនប្រចាំទីក្រុងហុងកុង (CGCC) និងជាប្រធានសម្ព័ន្ធសហគ្រិន Guangdong-Hong Kong-Macao Greater Bay Area (GBA Alliance) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នារសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦។

ជំនួបនេះផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្ម និងវិនិយោគ ព្រមទាំងការលើកកម្ពស់ទំនាក់ទំនងរវាងកម្ពុជា និងសហគមន៍ធុរកិច្ចចិននៅហុងកុង។

លោក ចូណាថាន ចៅ ក៏ជាប្រធានក្រុមហ៊ុន Sunwah Group ដែលជាសាជីវកម្មពហុវិស័យមានមូលដ្ឋាននៅទីក្រុងហុងកុង និងបានធ្វើអាជីវកម្មជាច្រើនវិស័យ រួមមាន អចលនទ្រព្យ ហិរញ្ញវត្ថុ បច្ចេកវិទ្យា ហេដ្ឋារចនាសម្ព័ន្ធ អប់រំ ប្រព័ន្ធផ្សព្វផ្សាយ និងបច្ចេកវិទ្យាបៃតង។

នៅកម្ពុជា Sunwah Group បានចាប់ផ្តើមវិនិយោគតាំងពីឆ្នាំ១៩៩៤ ដោយដំបូងផ្តោតលើការកែច្នៃ និងនាំចេញផលិតផលអាហារសមុទ្រ ហើយក្រោយមកបានពង្រីកសកម្មភាពអាជីវកម្មទៅកាន់វិស័យអចលនទ្រព្យ ពាណិជ្ជកម្ម និងការអភិវឌ្ឍគម្រោងនានា។

ជំនួបនេះត្រូវបានរំពឹងថា នឹងរួមចំណែកបន្ថែមទៀតដល់ការជំរុញទំនាក់ទំនងពាណិជ្ជកម្ម ការវិនិយោគ និងការចូលរួមរបស់វិស័យឯកជនចិន-ហុងកុង ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។

«ដើម្បីទទួលបានព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ និងច្បាស់ការណ៍ សូមចុច Follow និងតាមដានទំព័រ KPS99 ទាំងអស់គ្នា!»៕

ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…