រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ខេត្តពោធិ៍សាត់មានបេក្ខជនជាង៣ពាន់នាក់បានចូលប្រឡងបាក់ឌុបឆ្នាំ២០២៦ក្រោមពាក្យស្លោក«ចេះគឺជាប់»

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

ការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង៖ ១០ សីហា ២០២៦ បានចាប់ផ្តើមបើកដំណើរការជាផ្លូវការហើយនៅទូទាំងប្រទេស នាព្រឹកថ្ងៃទី១០សីហា ក៏ដូចជានៅក្នុងខេត្តពោធិ៍សាត់។ បេក្ខជនសរុបនៅទូទាំងខេត្តពោធិ៍សាត់ មានចំនួន ៣,៦៦៩នាក់ (ស្រី ២,១៥៥នាក់) ក្នុងនោះមានព្រះសង្ឃចំនួន១៥អង្គ បានចូលរួមប្រឡងដើម្បីវាស់វែងចំណេះដឹងផងដែរ។

ឯកឧត្តម អ៊ឹម កុច រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈមេប្រយោគប្រចាំខេត្តពោធិ៍សាត់ និងឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញបើកវិញ្ញាសារប្រឡង និងពិនិត្យមើលដំណើរការនិងបរិយាកាសទូទៅនៃការប្រឡងយ៉ាងយកចិត្តទុកដាក់នៅមណ្ឌលវិទ្យាល័យពោធិ៍សាត់។

ឯកឧត្តម អ៊ឹម កុច និងឯកឧត្តម ខូយ រីដា បានណែនាំប្អូនៗក្មួយៗបេក្ខជនទាំងអស់ ឱ្យមានទំនុកចិត្តលើខ្លួនឯងខ្ពស់និងខិតខំប្រឹងប្រែងបញ្ចេញឱ្យអស់ពីសមត្ថភាព ក្នុងការធ្វើកិច្ចការវិញ្ញាសារឱ្យអស់ពីលទ្ធភាព និងជូនពរប្អូនៗក្មួយៗទទួលបានលទ្ធផលល្អប្រសើរ និទ្ទេសល្អ និងប្រឡងជាប់គ្រប់ៗគ្នា ដើម្បីបន្តដំណើរទៅមុខលើថ្នាក់ឧត្តមសិក្សា និងក្លាយជាទំពាំងស្នងឫស្សីដ៏ឆ្នើម ក្នុងការរួមចំណែកអភិវឌ្ឍន៍សង្គមជាតិយើងនាពេលអនាគត។

ថ្នាក់ដឹកនាំទាំងពីរ បានក្រើនរំលឹកដល់បេក្ខជនទាំងអស់ឱ្យប្រកាន់ខ្ជាប់នូវវិន័យ និងក្រមសីលធម៌ក្នុងការប្រឡង ដោយត្រូវគោរពឱ្យបានខ្ជាប់ខ្ជួននូវបទបញ្ញត្តិផ្ទៃក្នុងនៃការប្រឡង ក្រោមគោលការណ៍ យុត្តិធម៌ តម្លាភាព និងគុណភាព ដែលមានន័យថា «អ្នកចេះ គឺជាប់»។

ថ្នាក់ដឹកនាំទាំងពីរ ក៏បានថ្លែងអំណរគុណដល់អាជ្ញាធរដែនដី កងកម្លាំងមានសមត្ថកិច្ច ក្រុមការងារសុខាភិបាល ក្រុមយុវជន ACU និងលោកគ្រូ អ្នកគ្រូ អនុរក្ស និងគណៈមេប្រយោគទាំងអស់ ដែលបានខិតខំលះបង់កម្លាំងកាយចិត្តក្នុងការបំពេញតួនាទីយ៉ាងសកម្ម ដើម្បីធានាឱ្យដំណើរការប្រឡងប្រព្រឹត្តទៅដោយរលូន សុវត្ថិភាព និងភាពស្ងប់ស្ងាត់ល្អប្រសើរ។

សូមជម្រាបថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១០ សីហា ២០២៦ នៅខេត្តពោធិ៍សាត់ មានមណ្ឌលសំណេរសរុបចំនួន ៦មណ្ឌល។ ក្នុងនោះ ថ្នាក់វិទ្យាសាស្ត្រ មានចំនួន ១មណ្ឌល គឺមណ្ឌលអនុវិទ្យាល័យពោធិ៍សាត់ មានចំនួន ៣១បន្ទប់ និងមានបេក្ខជនសរុប ៧៧៣នាក់ (ស្រី៤៨៦នាក់)។ ចំណែក ថ្នាក់សង្គម មាន ៥មណ្ឌល ក្នុងនោះទី១. មណ្ឌលអនុវិទ្យាល័យព្រែកស្តី មាន២២បន្ទប់ និងបេក្ខជនសរុប ៥៥០នាក់ (ស្រី៣២៥នាក់), ទី២. មណ្ឌលវិទ្យាល័យ ពោធិ៍សាត់ (ជើង) មាន២១បន្ទប់ និងបេក្ខជនសរុប ៥២៥នាក់ (ស្រី៣១៧នាក់), ទី៣. មណ្ឌលវិទ្យាល័យពោធិ៍សាត់ (ត្បូង) មាន ២៨បន្ទប់ និងបេក្ខជនសរុប ៧០០នាក់ (ស្រី៤១៣នាក់), ទី៤. មណ្ឌលបឋមសិក្សាពោធិ៍សាត់ មាន៣៦បន្ទប់ និងបេក្ខជនសរុប ៩០០នាក់ (ស្រី៥១៦នាក់) និងទី៥. មណ្ឌល អនុវិទ្យាល័យពោធិ៍សាត់ (លិច) មាន ៩បន្ទប់ និងបេក្ខជនសរុប២២១នាក់ (ស្រី៩៨នាក់)៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…