ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីកាត់វិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅវិទ្យាល័យ ហ៊ុន សែន មិត្តភាព ក្រុងព្រះសីហនុ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។
ពិធីនេះមានការចូលរួមពីឯកឧត្តម សុខ គាង រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រះសីហនុ ទទួលបន្ទុកវិស័យអប់រំ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ អង្គភាព និងអាជ្ញាធរក្រុងព្រះសីហនុ។
ក្នុងឱកាសនោះ ឯកឧត្តម ម៉ាង ស៊ីណេត បានផ្តាំផ្ញើដល់បេក្ខជនទាំងអស់ ឱ្យខិតខំប្រឡង និងបញ្ចេញសមត្ថភាព ចំណេះដឹង និងជំនាញដែលបានខិតខំសិក្សាកន្លងមក ដើម្បីទទួលបានលទ្ធផលល្អ និងជោគជ័យក្នុងការប្រឡង។
ឯកឧត្តមអភិបាលខេត្តបានលើកឡើងថា «អ្នកចេះ គឺជាប់» និងបានជូនពរឱ្យបេក្ខជនទាំងអស់ប្រឡងជាប់គ្រប់ៗគ្នា។ ជាពិសេស បេក្ខជនដែលទទួលបាននិទ្ទេស A នឹងទទួលបានការលើកទឹកចិត្តជាម៉ូតូម្នាក់មួយគ្រឿង។
លោកស្រី អ៊ុច សោភា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះសីហនុ បានឱ្យដឹងថា ទូទាំងខេត្តមានមណ្ឌលប្រឡងចំនួន ៥មណ្ឌល ក្នុងនោះ ក្រុងព្រះសីហនុមាន ៣មណ្ឌល និងស្រុកព្រៃនប់មាន ២មណ្ឌល។ បេក្ខជនដែលចូលរួមប្រឡងសរុបមានចំនួន ២,៤០១នាក់ ក្នុងនោះស្រី ១,២៦៧នាក់ មាន ៩៩បន្ទប់ប្រឡង។
លោកស្រីប្រធានមន្ទីរបានបញ្ជាក់បន្ថែមថា ដំណើរការប្រឡងនៅថ្ងៃដំបូងបានប្រព្រឹត្តទៅដោយរលូន និងមានសុវត្ថិភាព ដោយមានការចូលរួមពីក្រសួង រដ្ឋបាលខេត្ត-ក្រុង មន្ទីរ អង្គភាពពាក់ព័ន្ធ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) យុវជន អមត និងកាកបាទក្រហម ព្រមទាំងកម្លាំងសមត្ថកិច្ច ដើម្បីសម្របសម្រួល និងរក្សាសន្តិសុខ សណ្តាប់ធ្នាប់នៅតាមមណ្ឌលប្រឡងទាំងអស់។
ជាមួយគ្នានេះ រថយន្តសង្គ្រោះត្រូវបានត្រៀមជាស្រេច ដើម្បីជួយសង្គ្រោះបេក្ខជនក្នុងករណីមានហេតុការណ៍ចាំបាច់។ ចំពោះបេក្ខជនដែលមកពីបណ្តាស្រុក ឯកឧត្តមអភិបាលខេត្តក៏បានរៀបចំកន្លែងស្នាក់នៅ និងអាហារ សម្រាប់រយៈពេល២ថ្ងៃនៃការប្រឡងដល់បេក្ខជន។
ការរៀបចំខាងលើបានបង្ហាញពីការយកចិត្តទុកដាក់របស់អាជ្ញាធរខេត្ត ក្នុងការធានាឱ្យដំណើរការប្រឡងប្រព្រឹត្តទៅដោយរលូន សុវត្ថិភាព និងផ្តល់ភាពងាយស្រួលដល់បេក្ខជនក្នុងការប្រឡងផងដែរ។
«សូមតាមដាន KPS99 ដើម្បីទទួលបានព័ត៌មានថ្មីៗ!»៕
អត្ថបទ៖ ប៉ៃ សុឃីម
រូបភាព៖ ទាវ វិឆាត













