រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កម្ពុជាយោងផែនទី និងឯកសារបោះបង្គោលព្រំដែន ដើម្បីបញ្ជាក់ស្ថានភាពទឹកដីតំបន់អានសេះ ប្រាសាទខ្នារ និងតាមាន់ធំ

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

ភ្នំពេញ៖ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជា បានបញ្ជាក់ជាថ្មីថា តំបន់អានសេះ ប្រាសាទខ្នារ និងប្រាសាទតាមាន់ធំ ស្ថិតនៅក្នុងទឹកដីកម្ពុជា ដោយផ្អែកលើឯកសារព្រំដែន និងផែនទីប្រវត្តិសាស្ត្រជាច្រើនដែលកម្ពុជាយកមកធ្វើជាមូលដ្ឋានសម្រាប់បញ្ជាក់ជំហររបស់ខ្លួន។

ឯកឧត្តម ស្រ៊ែវ បូរ៉ា នាយកបច្ចេកទេសកិច្ចការព្រំដែន នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានឱ្យដឹងថា ទីតាំងទាំងនេះមានភស្តុតាងគាំទ្រពី ផែនទីមាត្រដ្ឋាន ១:២០០,០០០ និងកំណត់ត្រាបោះបង្គោលព្រំដែន ដែលហៅថា Procès-Verbaux (PV) របស់ គណៈកម្មការព្រំដែនបារាំង-សៀម ឆ្នាំ១៩០៨ និងឆ្នាំ១៩១៩។

តាមជំហររបស់ភាគីកម្ពុជា ឯកសារប្រវត្តិសាស្ត្រទាំងនេះមានសារៈសំខាន់ក្នុងការកំណត់ទីតាំងខ្សែព្រំដែន និងបញ្ជាក់ពីស្ថានភាពទឹកដីនៃតំបន់ពាក់ព័ន្ធ។

រដ្ឋលេខាធិការដ្ឋានក៏បានលើកឡើងពី ផែនទី L7017 មាត្រដ្ឋាន ១:៥០,០០០ ដែលគូសដោយភាគីថៃជាឯកតោភាគី ដោយបញ្ជាក់ថា ផែនទីនេះក៏ត្រូវបានយកមកធ្វើជាឯកសារយោងក្នុងការគាំទ្រជំហរកម្ពុជាពាក់ព័ន្ធនឹង ប្រាសាទខ្នារ និងប្រាសាទតាមាន់ធំ ផងដែរ។

ជំហររបស់កម្ពុជា គឺផ្អែកលើការរួមបញ្ចូលគ្នារវាង កិច្ចព្រមព្រៀង និងឯកសារព្រំដែនប្រវត្តិសាស្ត្រ កំណត់ត្រាបោះបង្គោលព្រំដែន និងភស្តុតាងផែនទី មិនមែនផ្អែកតែលើស្ថានភាពដែលកំពុងកើតឡើងនៅលើទីតាំងនោះនាពេលបច្ចុប្បន្នឡើយ។

មន្ត្រីកម្ពុជាបានសង្កត់ធ្ងន់ជាបន្តបន្ទាប់ថា បញ្ហាព្រំដែនគួរត្រូវបានដោះស្រាយដោយផ្អែកលើ ឯកសារប្រវត្តិសាស្ត្រ ឧបករណ៍ច្បាប់ និងភស្តុតាងបច្ចេកទេស ដើម្បីរក្សាសន្តិភាព និងបញ្ចៀសសកម្មភាពឯកតោភាគីដែលអាចបង្កឱ្យមានការផ្លាស់ប្តូរស្ថានភាពព្រំដែន។

ការបញ្ជាក់ចុងក្រោយរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែននេះ ធ្វើឡើងស្របពេលដែលបញ្ហាព្រំដែនកម្ពុជា-ថៃនៅតែទទួលបានការយកចិត្តទុកដាក់ ដោយភាគីកម្ពុជាបន្តសង្កត់ធ្ងន់លើសារៈសំខាន់នៃ ឯកសារប្រវត្តិសាស្ត្រ ឯកសារច្បាប់ និងភស្តុតាងបច្ចេកទេស ក្នុងការការពារបូរណភាពទឹកដី និងដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី។

ដោយ៖ KPS99TV

មតិយោបល់

កំពុងផ្ទុកមតិយោបល់…