រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ក្រសួងឧស្សាហកម្ម ដាក់ចេញគោលការណ៍ណែនាំស្តីពីការគ្រប់គ្រងគ្រឿងចក្រហានិភ័យខ្ពស់ និងការបង្ការការបំពុល នៅខេត្តព្រះសីហនុ»

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយដ៏សំខាន់មួយ នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ នៅក្នុងខេត្តព្រះសីហនុ ដើម្បីដាក់ចេញនូវគោលការណ៍ណែនាំថ្មីៗ ស្តីពីការគ្រប់គ្រងឧបករណ៍គ្រឿងចក្រដែលមានហានិភ័យខ្ពស់ និងប្រព័ន្ធគ្រប់គ្រងសំណល់ឧស្សាហកម្ម។

សិក្ខាសាលាផ្សព្វផ្សាយដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើងនៅសាលប្រជុំតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ក្រោមអធិបតីភាពរបស់ ឯកឧត្តម ទឹង សុនី រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ ពិធីនេះក៏មានការចូលរួមពីនាយកដ្ឋានជំនាញ អាជ្ញាធរដែនដី តំណាងតំបន់សេដ្ឋកិច្ចពិសេស និងម្ចាស់រោងចក្រ សហគ្រាស និងសិប្បកម្មប្រមាណ ២០០ មូលដ្ឋាន។

នៅក្នុងមតិស្វាគមន៍បើកកម្មវិធី លោក សោម សាវ៉ាត ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តព្រះសីហនុ បានលើកឡើងពីសក្តានុពលសេដ្ឋកិច្ចដ៏ធំធេងរបស់ខេត្ត ដែលកំពុងមានការរីកចម្រើនខ្លាំងលើវិស័យឧស្សាហកម្ម និងរោងចក្រ-សិប្បកម្ម។

កម្មវិធីបានផ្តោតលើប្រធានបទស្នូលសំខាន់ៗចំនួន ៣ រួមមាន៖

១,ការពង្រឹងសុវត្ថិភាពលើការប្រើប្រាស់គ្រឿងចក្រ-ម៉ាស៊ីនដែលមានហានិភ័យខ្ពស់ ដើម្បីបង្ការ និងកាត់បន្ថយគ្រោះថ្នាក់ការងារ។

២,ការរឹតបន្តឹងការគ្រប់គ្រងការបំពុល និងសំណល់ឧស្សាហកម្ម ដើម្បីកាត់បន្ថយផលប៉ះពាល់លើបរិស្ថាន និងសុខភាពសហគមន៍។

៣, ការរៀបចំប្លង់បច្គេកទេសរោងចក្រ-សិប្បកម្ម ដើម្បីធានាដំណើរការផលិតកម្មប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់។

ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តម ទឹង សុនី បានបញ្ជាក់ថា វិញ្ញាបនបត្របញ្ជាក់លក្ខណៈបច្ចេកទេស និងសុវត្ថិភាពដំណើរការ គឺជាឯកសារគតិយុត្តដ៏សំខាន់ ស្របតាមច្បាប់ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។ បន្ទាប់ពីការដាក់ចេញប្រកាសកាលពីឆ្នាំ២០២៣ ក្រសួងបានកែលម្អគោលការណ៍ណែនាំថ្មីនេះ ឱ្យកាន់តែមានប្រសិទ្ធភាពជាងមុន ក្នុងន័យសម្រួលដល់ការស្នើសុំរបស់វិស័យឯកជន កាត់បន្ថយគ្រោះថ្នាក់ការងារ និងការពារផលប្រយោជន៍របស់កម្មករ និយោជិត ព្រមទាំងប្រជាពលរដ្ឋដែលរស់នៅក្បែរតំបន់រោងចក្រ។

ក្នុងឱកាសនោះ ថ្នាក់ដឹកនាំក្រសួង និងមន្ទីរជំនាញ បានអំពាវនាវយ៉ាងទទូចដល់ម្ចាស់រោងចក្រ សហគ្រាស និងសិប្បកម្មទាំងអស់ ឱ្យចូលរួមអនុវត្តតាមគោលការណ៍ណែនាំថ្មីៗទាំងនេះឱ្យបានខ្ជាប់ខ្ជួន ដើម្បីរួមចំណែកកសាងសង្វាក់ផលិតកម្មមួយប្រកបដោយសុវត្ថិភាព ទំនុកចិត្តខ្ពស់ និងធានាបាននូវចីរភាពបរិស្ថានសម្រាប់សង្គមជាតិទាំងមូល៕

អត្ថបទ៖ ប៉ៃ សុឃីម

រូបភាព៖ កែវ ដារ៉ា

មតិយោបល់

កំពុងផ្ទុកមតិយោបល់…