រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ទេសចរណ៍ភាពយន្ត ជាអំណាចទន់ដើម្បីលើកកម្ពស់កិត្តិនាមកម្ពុជានៅលើឆាកអន្តរជាតិ!

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

(ភ្នំពេញ)៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារអន្តរក្រសួង ដើម្បីសម្របសម្រួល និងគាំទ្រវិស័យទេសចរណ៍ភាពយន្ត និងការទស្សនាប្រាសាទនាពេលរាត្រីនៅកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូសមាគមភាពយន្តកម្ពុជា ដឹកនាំដោយ លោក ឆាយ បូរ៉ា ប្រធានសមាគម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ស្តីពីការជំរុញ និងលើកកម្ពស់ «ទេសចរណ៍ភាពយន្ត (Film Tourism)» នៅកម្ពុជា នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦។

ជំនួបនេះ មានគោលបំណងពង្រឹងកិច្ចសហការរវាងវិស័យទេសចរណ៍ និងវិស័យភាពយន្ត ដោយប្រែក្លាយភាពយន្តទៅជាឧបករណ៍ផ្សព្វផ្សាយទេសចរណ៍ និងអំណាចទន់ដ៏មានឥទ្ធិពល ក្នុងការបង្ហាញសក្តានុពលទេសចរណ៍ វប្បធម៌ ប្រវត្តិសាស្ត្រ ប្រពៃណី បេតិកភណ្ឌ និងសម្រស់ធម្មជាតិរបស់កម្ពុជា ទៅកាន់ទស្សនិកជនអន្តរជាតិ ព្រមទាំងទាក់ទាញផលិតករភាពយន្តបរទេសឱ្យមកជ្រើសរើសកម្ពុជាជាទីតាំងថតភាពយន្ត និងជំរុញភ្ញៀវទេសចរឱ្យមកស្គាល់ និងទទួលយកបទពិសោធន៍នៅកម្ពុជាដោយផ្ទាល់។

ក្នុងឱកាសនោះ ឯកឧត្តម ហួត ហាក់ បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាគមភាពយន្តកម្ពុជា ក្នុងការរួមចំណែកអភិវឌ្ឍវិស័យភាពយន្តជាតិ។ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា «ភាពយន្ត គឺជាអំណាចទន់ (Soft Power) ដ៏មានឥទ្ធិពល ដែលអាចនាំរូបភាពកម្ពុជា ទៅដល់បេះដូងទស្សនិកជនរាប់លាននាក់ជុំវិញពិភពលោក និងបំផុសឱ្យពួកគេចង់មកស្គាល់កម្ពុជាដោយផ្ទាល់»។

ជាមួយគ្នានោះ លោក ឆាយ បូរ៉ា បានរាយការណ៍ជូនឯកឧត្តមរដ្ឋមន្ត្រី អំពីសមិទ្ធផលសំខាន់ៗដែលសមាគមសម្រេចបាននាពេលកន្លងមក បញ្ហាប្រឈម សំណូមពរ ព្រមទាំងទិសដៅការងារសម្រាប់ពេលខាងមុខ ដើម្បីរួមចំណែកជំរុញការអភិវឌ្ឍឧស្សាហកម្មភាពយន្ត និងទេសចរណ៍ភាពយន្តនៅកម្ពុជា ឱ្យកាន់តែមានភាពរស់រវើក និងប្រកួតប្រជែង។

សូមបញ្ជាក់ថា នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ ក្រសួងទេសចរណ៍ នឹងរៀបចំ សិក្ខាសាលាស្តីពី «ការជំរុញទេសចរណ៍ភាពយន្តនៅកម្ពុជា» ដើម្បីប្រមូលផ្តុំភាគីពាក់ព័ន្ធ ពិភាក្សា និងរួមគ្នាកំណត់យន្តការ និងទិសដៅអាទិភាពក្នុងការប្រើប្រាស់វិស័យភាពយន្តជាចលករថ្មីមួយ សម្រាប់ការផ្សព្វផ្សាយ និងទាក់ទាញទេសចរមកកាន់ព្រះរាជាណាចក្រកម្ពុជា៕

ដោយ៖ ធី លីថូ

មតិយោបល់

កំពុងផ្ទុកមតិយោបល់…