កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ មន្ត្រីឧទ្យានុរក្សនៃការិយាល័យឧទ្យានជាតិគិរីរម្យ បានចុះប្រតិបត្តិការបង្ក្រាបករណីទន្ទ្រានដីរដ្ឋខុសច្បាប់ នៅចំណុចភ្នំហាមឃាត់ ស្ថិតក្នុងឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
លទ្ធផលនៃប្រតិបត្តិការ៖ រកឃើញបទល្មើស មានការលួចដាំបង្គោលរបងឈើចំនួន ៦៥ បង្គោល ដើម្បីហ៊ុមព័ទ្ធយកដីរដ្ឋប្រមាណ ០.៤០ ហិកតា។
ដោយអនុវត្តន៍វិធានការច្បាប់ មន្ត្រីជំនាញបានដកកម្ទេចបង្គោលទាំងនោះចោលភ្លាមៗនៅនឹងកន្លែង និងកំពុងបន្តស្រាវជ្រាវស្វែងរកអត្តសញ្ញាណជនល្មើស ដើម្បីចាត់ការតាម «ក្រមបរិស្ថាន និងធនធានធម្មជាតិ»។
ប្រតិបត្តិការនេះស្តែងឱ្យឃើញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការអនុវត្ត «យុទ្ធនាការធ្វើសុក្រឹតកម្មការអនុវត្តច្បាប់» របស់ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលផ្តោតលើ ៣ ជំហានសំខាន់ៗ៖ ការទប់ស្កាត់ និងការការពារ ការរៀបចំសណ្តាប់ធ្នាប់ និងការអភិវឌ្ឍប្រកបដោយចីរភាព។
សកម្មភាពនេះធ្វើឡើងដើម្បីការពារ និងអភិរក្សធនធានធម្មជាតិរបស់ជាតិឱ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ៕
ដោយ៖ ប៉ៃ សុឃីម




