(ភ្នំពេញ)៖ កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ «ស៊េរីពិព័រណ៍កម្ពុជា ឆ្នាំ២០២៦» ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ធុរជន វិនិយោគិន និងក្រុមហ៊ុនជាតិ-អន្តរជាតិជាច្រើន។
ឯកឧត្តមបានកោតសរសើរចំពោះក្រុមហ៊ុន Minh Vi Exhibition and Advertisement Service Co., Ltd. និងភាគីពាក់ព័ន្ធ ដែលបានបន្តរៀបចំព្រឹត្តិការណ៍នេះ បន្ទាប់ពីទទួលបានជោគជ័យ ៨ លើកកន្លងមក។ ការបន្តរៀបចំពិព័រណ៍នេះ បង្ហាញពីទំនុកចិត្តរបស់វិស័យឯកជនលើសក្តានុពលសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរបស់កម្ពុជា។
ស៊េរីពិព័រណ៍ឆ្នាំ២០២៦ គ្របដណ្តប់លើវិស័យសំខាន់ៗ ដូចជា កសិកម្ម បសុសត្វ វារីវប្បកម្ម អាហារ និងភេសជ្ជៈ ឱសថ បរិក្ខារវេជ្ជសាស្ត្រ គ្រឿងសម្អាង និងផលិតផលប្រើប្រាស់ទូទៅ។ ព្រឹត្តិការណ៍នេះមានគោលបំណងបង្កើតវេទិកាសម្រាប់តាំងបង្ហាញផលិតផល ភ្ជាប់វិនិយោគិន និងធុរជន ព្រមទាំងជំរុញការផ្គូផ្គងធុរកិច្ច និងពង្រីកទីផ្សារអន្តរជាតិ។
ឯកឧត្តមបានណែនាំឱ្យអ្នករៀបចំពិព័រណ៍ផ្តោតលើ ការផ្គូផ្គងធុរកិច្ច និងការតាមដានលទ្ធផលក្រោយព្រឹត្តិការណ៍ ខណៈសហគ្រាសកម្ពុជាគួរពង្រឹងគុណភាពផលិតផល ការវេចខ្ចប់ វិញ្ញាបនបត្រគុណភាព និងការធ្វើទីផ្សារឌីជីថល។ ជាមួយគ្នានេះ កម្ពុជាគួរទាញយកប្រយោជន៍ពី កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និង RCEP ដើម្បីពង្រីកទីផ្សារ និងទាក់ទាញការវិនិយោគក្នុងវិស័យមានសក្តានុពល។
ឯកឧត្តមបានអំពាវនាវឱ្យវិនិយោគិន និងធុរជនមើលឃើញកម្ពុជា មិនត្រឹមតែជាទីផ្សារ ប៉ុន្តែជាដៃគូសម្រាប់ការផលិត ការវិនិយោគ និងការចែកចាយ ព្រមទាំងជាច្រកចូលទៅកាន់ទីផ្សារតំបន់ ដើម្បីរួមគ្នាប្រែក្លាយឱកាសពាណិជ្ជកម្មទៅជាការវិនិយោគ និងវិបុលភាពប្រកបដោយចីរភាព៕
ដោយ៖ប៉ៃ សុឃីម













