រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ឱកាសល្អ! កម្ពុជាត្រៀមបញ្ជូនពលករជំនាញ ២ ០០០នាក់ដំបូង ទៅបើកទំព័រការងារកសិកម្មទំនើបនៅអ៊ីស្រាអែល

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

ទំព័រប្រវត្តិសាស្ត្រថ្មីនៃទីផ្សារការងារក្រៅប្រទេសបានបើកហើយ ដោយកម្ពុជាត្រៀមបញ្ជូនកម្លាំងពលកម្មប្រមាណ ២ ០០០នាក់ ទៅបម្រើការងារក្នុងវិស័យកសិកម្មនៅប្រទេសអ៊ីស្រាអែលជាលើកដំបូង បន្ទាប់ពីកិច្ចព្រមព្រៀងទ្វេភាគីកាលពីចុងឆ្នាំ២០២៥ ត្រូវបានសម្រេចជាផ្លូវការ។ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កំពុងរៀបចំនីតិវិធីចុងក្រោយដើម្បីបញ្ជូនបេក្ខជនឆាប់ៗនេះ ក្រោយឆ្លងកាត់ការវាយតម្លៃយ៉ាងហ្មត់ចត់តាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត (AI) និងការត្រួតពិនិត្យកាយសម្បទា។ ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានគូសបញ្ជាក់យ៉ាងច្បាស់ថា អាទិភាពចម្បងរបស់ក្រសួងគឺការជ្រើសរើសដោយផ្អែកលើគុណភាព សមត្ថភាព និងលក្ខណៈវិនិច្ឆ័យត្រឹមត្រូវជាចម្បង ជាជាងផ្តោតលើបរិមាណតែមួយមុខ។

នៅក្នុងចំណោមបេក្ខជនដាក់ពាក្យជាង ៣ ០០០នាក់ យុវជនខ្មែរដូចជា លោក សុ ផានិត និងកញ្ញា ដា លីន បានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការចេញទៅក្រេបជញ្ជក់ចំណេះដឹងពីប្រទេសមហាអំណាចកសិកម្មមួយនេះ។ ពួកគេមិនត្រឹមតែរំពឹងលើប្រាក់ចំណូលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសង្ឃឹមយ៉ាងមុតមាំថានឹងអាចនាំយកបច្ចេកវិទ្យា និងបទពិសោធន៍កសិកម្មទំនើបមកវិញ ដើម្បីបង្កើតមុខរបរផ្ទាល់ខ្លួននិងចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិនៅថ្ងៃអនាគត។ក្តីរំពឹងនេះឆ្លុះបញ្ចាំងពីទស្សនវិស័យវែងឆ្ងាយរបស់ពលករជំនាន់ថ្មីដែលចាត់ទុកការងារនៅក្រៅប្រទេសជាស្ពានចម្លងនៃចំណេះដឹង និងជំនាញ។

ទន្ទឹមនឹងនេះ ភាគីអ៊ីស្រាអែលតាមរយៈ លោកស្រី ហ្សឺលី រៃស៊ីន សេសុន ប្រធាននាយកដ្ឋានកិច្ចព្រមព្រៀងទ្វេភាគីនៃអាជ្ញាធរប្រជាជនអន្តោប្រវេសន៍ (PIBA) បានបង្ហាញការជឿជាក់ខ្ពស់លើគុណវុឌ្ឍិ និងក្រមសីលធម៌វិជ្ជាជីវៈរបស់ពលករកម្ពុជាដែលជ្រើសរើសដោយក្រសួង។ លោកស្រីបានកត់សម្គាល់ថា កង្វះខាតកម្លាំងពលកម្មកសិកម្មនៅអ៊ីស្រាអែលកំពុងកើនឡើង ដែលជាកត្តាជំរុញឱ្យមានការពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា។ ជំហានជាប្រវត្តិសាស្ត្រនេះ មិនត្រឹមតែលើកកម្ពស់ជីវភាព និងប្រាក់ចំណូលរបស់ពលរដ្ឋកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការវិនិយោគរយៈពេលវែងលើធនធានមនុស្ស តាមរយៈការផ្ទេរបច្ចេកវិទ្យាកសិកម្មកម្រិតខ្ពស់មកកាន់កម្ពុជាផងដែរ។អត្ថបទដោយ ៖ ស្រីពី

មតិយោបល់

កំពុងផ្ទុកមតិយោបល់…