ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ

ទើបចប់បាក់ឌុបមែនទេ? វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ បង្ហាញឱកាសមាសជាមួយ៧ ជំនាញទីផ្សារត្រូវការខ្លាំង សិក្សាតែ២ឆ្នាំ ធានាមានការងារធ្វើ!

អត្ថបទក្នុងបណ្ណសារ

សម្រាប់យុវជនដែលទើបបញ្ចប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ហើយកំពុងស្វែងរកទិសដៅសិក្សាបន្តច្បាស់លាស់ វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ខេត្តសៀមរាប បានប្រកាសបើកទ្វារទទួលសិស្ស-និស្សិត សម្រាប់ឆ្នាំសិក្សាថ្មី ២០២៦-២០២៧។
 
វគ្គបណ្តុះបណ្តាលកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសរយៈពេល២ឆ្នាំនេះ ផ្តោតលើជំនាញសក្ដានុពលចំនួន ៧ រួមមាន៖ វិស្វកម្មអគ្គិសនី, វិស្វកម្មសំណង់ស៊ីវិល, វិស្វកម្មអេឡិចត្រូនិក, វិស្វកម្មមេកាត្រូនិក, វិស្វកម្មមេកានិករថយន្ត, វិស្វកម្មបរិក្ខារត្រជាក់ ព្រមទាំងព័ត៌មានវិទ្យា និងវិទ្យាសាស្រ្ត ដែលសុទ្ធសឹងជាជំនាញអនុញ្ញាតឱ្យសិក្ខាកាមអាចចេញប្រកបការងារតាមបណ្តាស្ថាប័ន រោងចក្រ សហគ្រាសឯកជន ឬបង្កើតមុខរបរផ្ទាល់ខ្លួនបានយ៉ាងងាយស្រួល។

ភាពលេចធ្លោនៃការបណ្តុះបណ្តាលនៅទីនេះ គឺការអនុវត្តកម្មវិធីសិក្សាស្របតាមស្តង់ដារអន្តរជាតិ រួមមានកិច្ចសហការជាមួយប្រទេសសិង្ហបុរី ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) និងក្រុមហ៊ុនដំឡើងរថយន្ត FORD។ កម្មវិធីនេះធានាថានិស្សិតទទួលបានជំនាញជាក់ស្តែងស្របតាមតម្រូវការទីផ្សារការងារបច្ចុប្បន្ន និងអនាគត។ ជាក់ស្តែង នៅក្នុងឆ្នាំសិក្សា២០២៥-២០២៦ កន្លងទៅ វិទ្យាស្ថានបានបណ្តុះបណ្តាលនិស្សិតសរុប ១,៣២៤ នាក់ (ស្រី ១៧២ នាក់) ហើយក្នុងនោះនិស្សិតឆ្នាំទី២ ចំនួន ៥៨១ នាក់ (ស្រី ៨៦ នាក់) បានត្រៀមខ្លួនប្រឡងបញ្ចប់ការសិក្សាជាស្ថាពរនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ កន្លងទៅថ្មីៗនេះ។
ការបើកទូលាយនូវជម្រើសជំនាញបច្ចេកទេសទាំងនេះ គឺជាការចូលរួមចំណែកយ៉ាងសកម្មក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល «យុវជន ១ ជំនាញ ១» ក្នុងការកសាងមូលធនមនុស្សប្រកបដោយគុណវុឌ្ឍិពិតប្រាកដ។ តាមរយៈការជ្រើសរើសជំនាញដែលឆ្លើយតបទៅនឹងទេពកោសល្យ និងចំណង់ចំណូលចិត្ត យុវជនមិនត្រឹមតែអាចពង្រឹងសមត្ថភាពប្រកួតប្រជែងនៅក្នុងទីផ្សារការងារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបានឱកាសការងារសមរម្យ និងប្រាក់ចំណូលមួយប្រកបដោយស្ថេរភាព និងចីរភាពយូរអង្វែងផងដែរ៕អត្ថបទដោយ ៖ស្រីពី