ខេត្តព្រះសីហនុ៖ នារសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ តំបន់កម្សាន្តថ្មីនៅចំណុច «ពយកំពេញ» សង្កាត់លេខ៣ ក្រុងព្រះសីហនុ បានទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនកុះករ មកទស្សនាកម្សាន្តក្នុងថ្ងៃសម្រាកចុងសប្តាហ៍។
ចំណុចលេចធ្លោបំផុតនៃទីតាំងនេះ គឺរូបសំណាក «នាគទេពមង្គល» ដ៏ធំស្កឹមស្កៃ ដែលបែរមុខទៅរកផ្ទៃសមុទ្រដ៏ធំល្វឹងល្វើយ បង្កើតបានជាទស្សនីយភាពយ៉ាងស្រស់ត្រកាល និងជាទីតាំងដ៏ពេញនិយមសម្រាប់ការថតរូបអនុស្សាវរីយ៍។ ក្រៅពីរូបសំណាកដ៏ទាក់ទាញ បរិវេណពយកំពេញក៏ផ្តល់នូវបរិយាកាសបរិសុទ្ធ ខ្យល់សមុទ្រត្រជាក់ និងសំឡេងរលកបោកច្រាំងយ៉ាងរំសាយចិត្ត ស័ក្តិសមបំផុតសម្រាប់ការសម្រាកលំហែជាមួយក្រុមគ្រួសារ និងមិត្តភក្តិ។
ការបង្កើតតំបន់ទេសចរណ៍ថ្មីនេះ បានឆ្លុះបញ្ចាំងពីការអភិវឌ្ឍមុខមាត់ថ្មីរបស់ខេត្តព្រះសីហនុ ដែលមិនត្រឹមតែពឹងផ្អែកលើឆ្នេរខ្សាច់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបន្ថែមជម្រើសកម្សាន្តចម្រុះសម្បូរបែប ស្របតាមយុទ្ធនាការជំរុញទេសចរណ៍ «រដូវកាលបៃតង» ដើម្បីទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិឱ្យមកទស្សនាគ្រប់រដូវកាល៕ដោយ៖ ប៉ៃ សុឃីម









