(ខេត្តស្ទឹងត្រែង)៖ នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ ស្តែងចេញពីការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅចំពោះសុខទុក្ខរបស់កងកម្លាំងប្រដាប់អាវុធនៅជួរមុខ ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញចុះសួរសុខទុក្ខ នាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន នៅបញ្ជាការដ្ឋានយោធភូមិភាគទី១ ដែលបានខិតខំតស៊ូ និងបន្តឈរជើងការពារបូរណភាពទឹកដី និងសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនឱ្យបានរឹងមាំដូចកំពែងដែក។
អំណោយដ៏ថ្លៃថ្លាទាំងនោះរួមមាន៖ គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ មធ្យោបាយធ្វើដំណើរ គ្រឿងម៉ាស៊ីន រថយន្ត១គ្រឿង និងថវិកាឧបត្ថម្ភ។
ក្នុងឱកាសនោះ ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត បានលើកឡើងថា ការពារធនធានធម្មជាតិក៏ជាចំណែកដ៏សំខាន់ពីកងកម្លាំងប្រដាប់អាវុធទាំងអស់ផងដែរ ទើបកម្ពុជាទទួលបានលេខ១ស្ទួន ៣ដង លើកឆាកអន្តរជាតិ ជាប្រទេសមានបរិស្ថាន និងធនធានធម្មជាតិល្អជាងគេ ជាប្រទេសប្រើប្រាស់ដី និងធនធានធម្មជាតិដោយចីរភាព និងជាប្រទេសដែលមានអេកូទេសចរណ៍ស្អាតជាងគេនៅអាស៊ាន។ ទាំងនេះគឺកើតចេញពីការប្តេជ្ញារួមកម្លាំងគ្នាយ៉ាងសកម្មក្នុង ការពារព្រៃឈើ និងទប់ស្កាត់បទល្មើសធនធានធម្មជាតិ ពីបងប្អូនទាំងអស់គ្នាព្រមទាំងការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់សម្តេចតេជោប្រធានព្រឹទ្ធសភា ក្រោមការដឹកនាំរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា។
ថ្នាក់ដឹកនាំ និងនាយពលទាហានទាំងអស់នៃយោធភូមិភាគទី១ បានសម្តែងនូវក្តីរំភើប និងកតញ្ញូតាធម៌យ៉ាងជ្រាលជ្រៅបំផុតចំពោះភាតរភាពស្មោះត្រង់ពីបងប្អូនសមរភូមិក្រោយក្រោមពាក្យស្លោក «សមរភូមក្រោយជួយសមរភូមិមុខ និងសមរភូមិមុខការពារ សមរភូមិក្រោយអភិវឌ្ឍ» ការពារជាតិដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីការពារជាតិ៕
ដោយ៖ ធី លីថូ




