រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ក្រសួងដែនដី សម្របសម្រួលផ្នែកច្បាប់ជូនក្រុមហ៊ុនកៅស៊ូវៀតណាម រកស៊ីនៅកម្ពុជារយៈពេលវែង!

អត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

(ភ្នំពេញ)៖ នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បានទទួលជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូសម្ព័ន្ធ ឧស្សាហកម្មកៅស៊ូ វៀតណាមប្រចាំកម្ពុជា នៅទីស្ដីការក្រសួង។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូ និងបានគូសបញ្ជាក់ថា ចំពោះគម្រោងវិនិយោគដែលបានអនុវត្តរួចរាល់ហើយ ក្នុងអាណត្តិនេះ ក្រសួងនឹងបន្តសម្របសម្រួល បំពេញបន្ថែមជូនតាមនីតិវិធីច្បាប់ជាធរមាន ដើម្បីធានាឱ្យក្រុមហ៊ុនកៅស៊ូវៀតណាមទទួលបាននូវសុវត្ថិភាព ផ្លូវច្បាប់ពេញលេញ និងភាពច្បាស់លាស់ក្នុងការធ្វើអាជីវកម្មស្របច្បាប់ រយៈពេលវែងនៅកម្ពុជា។

បន្ថែមពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានផ្ដល់នូវ អនុសាសន៍ និងទស្សនទានយុទ្ធសាស្ត្រសំខាន់ៗចំនួនពីរ ជាការតម្រង់ទិស សម្រាប់កិច្ចសហប្រតិបត្តិការទៅមុខទៀត។

រួមមាន៖

១- ការលើកកម្ពស់ សក្តានុពលវិស័យកៅស៊ូតាមរយៈសហគមន៍ ដោយស្នើឱ្យភាគីពាក់ព័ន្ធពិចារណា លើការចងក្រងប្រជាពលរដ្ឋកម្ពុជាដែលមានដាំដំណាំកៅស៊ូ ឱ្យទៅជាទម្រង់ សហគមន៍ផលិតកម្ម។ ការរៀបចំនេះ គឺដើម្បីប្រមូលផលនិងប្រមូលទិញ ផលិតផលកៅស៊ូពីប្រជាពលរដ្ឋឱ្យអស់សក្តានុពលដែលមានស្រាប់នៅ ទូទាំងប្រទេស ព្រមទាំងជួយលើកកម្ពស់ជីវភាពប្រជាកសិករផងដែរ។

២- ការពង្រីកវិសាលភាពវិនិយោគក្រៅពីវិស័យកៅស៊ូ តាមរយៈការពិចារណា លទ្ធភាពផ្តួចផ្តើមការវិនិយោគលើវិស័យផ្សេងៗទៀត ក្រៅពីដំណាំកៅស៊ូ ដោយបែងចែកគោលដៅជាពីរគឺ៖

១.សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងប្រទេស។

២.សម្រាប់បម្រើឱ្យទីផ្សារក្នុងតំបន់។

ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានលើកទឹកចិត្តឱ្យមានការសហការរួមដៃគ្នាផលិតសម្ភារ:ប្រើប្រាស់ប្រចាំថ្ងៃផ្សេងទៀតផងដែរ។

សូមជម្រាបថា ជំនួបពិភាក្សាការងារនេះ មិនត្រឹមតែជួយពង្រឹងភាពជាដៃគូសេដ្ឋកិច្ចរវាងស្ថាប័នរដ្ឋ និងវិស័យឯកជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបើកទំព័រថ្មីមួយទៀតក្នុងការ ស្វែងរកកិច្ចសហប្រតិបត្តិការស៊ីជម្រៅ ដើម្បីផលប្រយោជន៍សេដ្ឋកិច្ចទៅវិញទៅមក នៃប្រទេសទាំងពីរផងដែរ៕អត្ថបទដោយ៖ស្រីពី

មតិយោបល់

កំពុងផ្ទុកមតិយោបល់…