រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កាកបាទក្រហមកម្ពុជា ផ្តល់ជំនួយ ១០ម៉ឺនដុល្លារ ជាលើកទី២ ដល់កាកបាទក្រហមចិន

អត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

ភ្នំពេញ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានរៀបចំពិធីប្រគល់-ទទួលជានិមិត្តរូបនូវថវិកា ១០ម៉ឺនដុល្លារអាម៉េរិក ជូនសមាគមកាកបាទក្រហមចិន តាមរយៈស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីគាំទ្រប្រតិបត្តិការមនុស្សធម៌ឆ្លើយតបនឹងគ្រោះមហន្តរាយធម្មជាតិនៅប្រទេសចិន។ ពិធីនេះធ្វើឡើងនៅស្ថានទូតចិន នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមវត្តមានលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា ខណៈការផ្ទេរថវិកានឹងអនុវត្តតាមនិតីវិធីប្រព័ន្ធធនាគារ។

នេះជាលើកទី២ហើយ ដែលកាកបាទក្រហមកម្ពុជាផ្តល់ជំនួយ ១០ម៉ឺនដុល្លារអាម៉េរិក ដល់សមាគមកាកបាទក្រហមចិន បន្ទាប់ពីការផ្តល់ជំនួយលើកទី១ កាលពីខែសីហា ឆ្នាំ២០២៦។ ក្រៅពីនេះ កាកបាទក្រហមកម្ពុជាក៏បានឧបត្ថម្ភ ១០ម៉ឺនដុល្លារអាម៉េរិក តាមរយៈសហព័ន្ធអន្តរជាតិ (IFRC) ដើម្បីគាំទ្រប្រតិបត្តិការមនុស្សធម៌របស់សមាគមកាកបាទក្រហមនេប៉ាល់ ក្នុងការឆ្លើយតបនឹងគ្រោះមហន្តរាយទឹកជំនន់នៅតំបន់ព្រំដែននេប៉ាល់-ចិន។ លោកជំទាវ ពុំ ចន្ទីនី បាននាំយកបណ្តាំសួរសុខទុក្ខ និងមនោសញ្ចេតនារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះប្រជាជនចិនដែលរងគ្រោះ ដោយបញ្ជាក់ថា ជំនួយនេះជាការបង្ហាញពីទឹកចិត្តអាណិតអាសូរ និងការចែករំលែកទុក្ខលំបាករបស់ប្រជាជនកម្ពុជា។

ឯកឧត្តម វ៉ាង វិនពីន បានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅ និងបញ្ជាក់ថា ក្នុងរយៈពេលជាងពីរខែ កាកបាទក្រហមកម្ពុជាបានជួយប្រជាជនចិនចំនួន២លើក ហើយជំនួយលើកទី១ទទួលបានការកោតសរសើរ និងគាំទ្រពីសាធារណជនចិន។ ជាមួយគ្នានេះ កាកបាទក្រហមកម្ពុជាបានស្នើសុំកិច្ចសហប្រតិបត្តិការជាមួយសមាគមកាកបាទក្រហមចិន សាខាខេត្តគ័ងស៊ី ដើម្បីបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពមន្ត្រីកាកបាទក្រហមកម្ពុជា លើវិជ្ជាសង្គ្រោះបឋម ខណៈកាកបាទក្រហមកម្ពុជាមានបណ្តាញវិជ្ជាសង្គ្រោះបឋមនៅទូទាំង ២៥ រាជធានី-ខេត្ត។ ឯកឧត្តមអគ្គរដ្ឋទូតបានសម្តែងការគាំទ្រ និងបញ្ជាក់ថា ស្ថានទូតចិនត្រៀមសហការជាមួយកាកបាទក្រហមកម្ពុជា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការមនុស្សធម៌ និងការបណ្តុះបណ្តាលតាមលទ្ធភាព។ ដោយ៖ សុភ័ក្រ្ត 

មតិយោបល់

កំពុងផ្ទុកមតិយោបល់…