រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កម្ពុជាដាក់សម្ពាធខ្លាំង! ទាមទារឱ្យភាគីថៃប្រគល់សម្បត្តិដូនតាខ្មែរ ២៨ដុំ យកចេញពីប្រាសាទខ្នារ ត្រឡប់មកទីតាំងដើមជាបន្ទាន់

អត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រកាសជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការទាមទារឱ្យភាគីថៃ ប្រគល់ត្រឡប់មកវិញនូវវត្ថុបុរាណខ្មែរ ដែលត្រូវបានលួចដឹកជញ្ជូនចេញពីប្រាសាទខ្នារដោយខុសច្បាប់ ដើម្បីយកមករក្សាទុកនៅទីតាំងដើមវិញ។ ប្រាសាទបុរាណមួយនេះ មានទីតាំងស្ថិតនៅលើខ្នងភ្នំដងរែក ក្នុងភូមិសាស្ត្រក្រុងសំរោង ខេត្តឧត្តរមានជ័យ ដែលបច្ចុប្បន្នកំពុងរងការកាន់កាប់ដោយខុសច្បាប់ពីសំណាក់កងទ័ពថៃ ព្រមទាំងមានការកែប្រែស្ថានភាពដីជាក់ស្តែងក្នុងចេតនាទន្ទ្រានយកជាកម្មសិទ្ធិផ្ទាល់ខ្លួន។ ក្រៅពីការរឹបអូសយកសម្បត្តិវប្បធម៌ កងកម្លាំងថៃថែមទាំងបានដុតបំផ្លាញជណ្តើរឈើជាង ១000កាំ ដែលជាផ្លូវឡើងទៅកាន់តួប្រាសាទយ៉ាងធ្ងន់ធ្ងរផងដែរ។

យោងតាមការបញ្ជាក់ពី ឯកឧត្តម ស៊ុ ម៉ាប់ អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ភាគីថៃបានលួចដឹកជញ្ជូនសម្បត្តិបេតិកភណ្ឌទាំងនោះចេញ កាលពីដើមឆ្នាំ២០២៦ កន្លងទៅ បន្ទាប់ពីការអនុវត្តបទឈប់បាញ់ ខណៈក្រសួងកំពុងបន្តស្រាវជ្រាវដើម្បីផ្ទៀងផ្ទាត់បញ្ជីសម្បត្តិដែលបានបាត់បង់។ យ៉ាងណាមិញ របាយការណ៍ផ្ទៃក្នុងរបស់នាយកដ្ឋានវិចិត្រសិល្បៈថៃ កាលពីខែមិថុនា ឆ្នាំ២០២៦ បានបង្ហាញថា ពួកគេបានប្រមូលសម្បត្តិបុរាណខ្មែរចំនួន ២៨ដុំ រួមទាំងរូបចម្លាក់គ្រុឌ និងបំណែកស្ថាបត្យកម្មថ្មផ្សេងៗ ក្រោមលេសយកទៅសិក្សាស្រាវជ្រាវ និងត្រៀមជួសជុល។ ឯកឧត្តមអ្នកនាំពាក្យបានសង្កត់ធ្ងន់ថា វត្ថុបុរាណទាំងអស់នៅក្នុងប្រាសាទខ្នារ សុទ្ធសឹងតែបានចុះបញ្ជីសារពើភណ្ឌបេតិកភណ្ឌវប្បធម៌ជាតិរបស់កម្ពុជារួចរាល់អស់ហើយ មិនអាចឱ្យបរទេសណាមកបំពានបានឡើយ។

ឆ្លើយតបនឹងបញ្ហានេះ លោកបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញខាងទស្សនវិជ្ជា បានផ្តល់អនុសាសន៍ឱ្យកម្ពុជាបង្កើនទម្ងន់កិច្ចសហការអន្តរជាតិ និងដៃគូក្នុងតំបន់ ដើម្បីទាមទារទាំងសម្បត្តិបុរាណ និងអធិបតេយ្យភាពប្រាសាទមកវិញ។ ស្របពេលជាមួយគ្នានេះ ឯកឧត្តម ស៊ុ ម៉ាប់ បានគូសបញ្ជាក់បន្ថែមថា កម្ពុជាជាប្រទេសឈានមុខគេមួយក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរវត្ថុបុរាណខុសច្បាប់ ដោយបានសហការយ៉ាងរឹងមាំជាមួយបណ្តាប្រទេសជាច្រើន ជាពិសេសសហរដ្ឋអាមេរិក ក្នុងការស្រាវជ្រាវ ប្រភពដើម និងជួយនាំយកសម្បត្តិដូនតាខ្មែរដែលត្រូវគេលួចនាំចេញទៅក្រៅប្រទេស ឱ្យវិលត្រឡប់មកមាតុភូមិវិញជាបន្តបន្ទាប់៕ដោយ៖ស្រីពី

មតិយោបល់

កំពុងផ្ទុកមតិយោបល់…