កំពង់ផែស្វយ័តក្រុងព្រះសីហនុ ចាប់ដៃគូជាមួយ FASMEC បើកផ្លូវឱ្យផលិតផលខ្មែរចេញទៅកាន់ទីផ្សារពិភពលោក
នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) បានចុះអនុស្សារណៈនៃការយោគយល់គ្នា (MOU) ជាមួយសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) ក្រោមអធិបតីភាព ឯកឧត្តម ម៉ាង ស៊ីណែត អភិបាលខេត្តព្រះសីហនុ ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានអគ្គនាយក កសស និងឧកញ៉ា តែ តាំងប៉ ប្រធានសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC)។
លោកឧញ្ញា តែ តាំងប៉ ប្រធានសហព័ន្ធ (FASMEC) មានប្រសាសន៍ថា ការចុះ MOU នាពេលនេះ ជាព្រឹត្តិការណ៍សំខាន់ ជាឆ្អឹងខ្នង និងជាចលករនៃសេដ្ឋកិច្ចជាតិ លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ សហគ្រាសធុនតូច និងមធ្យមតែងតែជួបប្រទះលើតម្លៃដឹកជញ្ជូន ហើយ កំពង់ផែជាបេះដូងនៃការដឹកជញ្ជូន កំពង់ផែជាស្ពានសម្រួលពាណិជ្ជកម្ម សម្រួលការដឹកជញ្ជូន ស្វែងរកដំណោះស្រាយនិងកាត់បន្ថយថ្លៃដើមការ នាំយកផលិតផលកម្ពុជា លើកកម្ពស់ផលិតផលក្នុង ស្រុក និងការនាំចេញទំនិញតាមច្រកកំពង់ផែសមុទ្រ។
ឯកឧត្តម លូ គឹមឈន់ បានមានប្រសាសន៍ថា កិច្ចសហការជាយុទ្ធសាស្ត្រនេះ គោលបំណងចម្បងក្នុងការជួយសម្រួលពាណិជ្ជកម្ម កាត់បន្ថយថ្លៃដើមដឹកជញ្ជូន និងភស្តុភារកម្ម នីតិវិធីកំពង់ផែ ដើម្បីជំរុញឱ្យផលិតផលក្នុងស្រុកមានលទ្ធភាពប្រកួតប្រជែងខ្ពស់លើឆាកអន្តរជាតិ។
ផែនការអភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មីទាំង ៣ ជំហានរបស់ កសស រួមមាន
ជំហានទី១ មានប្រវែង ៣៥០ ម៉ែត្រ ជម្រៅទឹក ១៤,៥ ម៉ែត្រ គ្រោងបញ្ចប់នៅខែមីនា ឆ្នាំ២០២៧ ជំហានទី២ ប្រវែង ៤០០ ម៉ែត្រ ជម្រៅទឹក ១៦,៥ ម៉ែត្រ គ្រោងចាប់ផ្តើមសាងសង់នៅចុងឆ្នាំ២០២៦និង ជំហានទី៣ (២០២៧-២០៣០) ប្រវែង ៤៣០ ម៉ែត្រ ជម្រៅទឹក ១៧,៥ ម៉ែត្រ គ្រោងបើកការដ្ឋាននៅដើមឆ្នាំ២០២៧។
ឯកឧត្តម ម៉ាង ស៊ីណែត អភិបាលខេត្តបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលតែងតែគាំទ្រសហគ្រាសធុនមីក្រូ តូច និងមធ្យម តាមរយៈយន្តការហិរញ្ញវត្ថុ ការលើកទឹកចិត្ត និងការធ្វើឌីជីថលរូបនីយកម្ម។ ជាមួយគ្នានេះ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ» ក៏ត្រូវបានបន្តរហូតដល់ដំណាច់ឆ្នាំ២០២៧ ដែលមកទល់ពេលនេះទទួលបានគម្រោងអនុម័តជាគោលការណ៍ចំនួន ៥១១ គម្រោង ក្នុងទុនវិនិយោគសរុបជាង ៨ ពាន់លានដុល្លារអាមេរិក៕អត្ថបទ៖ ប៉ៃ សុឃីម
រូបភាព៖ ឡាយ ចាន់ដា
















