ត្រៀមខ្លួនទៅកំពត! ព្រឹត្តិការណ៍ទេសចរណ៍ «រដូវកាលបៃតងតំបន់ឆ្នេរ» នឹងចាប់ផ្តើមនៅដើមខែតុលានេះ
ក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តកំពត នឹងរៀបចំ «ព្រឹត្តិការណ៍ទេសចរណ៍នៅរដូវកាលបៃតងតំបន់ឆ្នេរ ឆ្នាំ២០២៦» ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ នៅបរិវេណមាត់ព្រែក (ចន្លោះស្ពានថ្មីដល់ស្ពានចាស់/រូបសំណាកបាតដៃ) ក្រុងកំពត។
ព្រឹត្តិការណ៍នេះធ្វើឡើងដើម្បីជំរុញសក្តានុពលទេសចរណ៍តំបន់ឆ្នេរក្នុងរដូវវស្សា បង្កើនប្រាក់ចំណូលជូនសហគមន៍មូលដ្ឋាន និងគាំទ្រយុទ្ធនាការ «ទស្សនាកម្ពុជានៅរដូវកាលបៃតង»។
សកម្មភាពពិសេសៗក្នុងកម្មវិធី រួមមាន៖
ពិព័រណ៍ម្ហូបអាហារ៖ ការបង្ហាញស្នាដៃចម្អិនម្ហូប ភ្លក្សមុខម្ហូបប្រចាំតំបន់ ផ្លែឈើ និងផលិតផលសហគមន៍ កីឡាទេសចរណ៍ ការរត់ប្រណាំងឆ្លងកាត់ឧបសគ្គផ្សារភ្ជាប់ធម្មជាតិ សិក្ខាសាលាទេសចរណ៍ម្ហូបអាហារ និងកម្មវិធី «ជជែកលើវិថីទេសចរណ៍» ការកម្សាន្ត ទស្សនីយភាពសិល្បៈ របាំប្រពៃណី និងការប្រគំតន្ត្រីយ៉ាងអធិកអធមរៀងរាល់រាត្រី។
ក្រសួងទេសចរណ៍សូមអញ្ជើញសាធារណជន ភ្ញៀវជាតិ និងអន្តរជាតិ ចូលរួមទស្សនាកម្សាន្តឱ្យបានច្រើនកុះករ ដើម្បីទទួលយកបទពិសោធថ្មីពីសម្រស់ធម្មជាតិតំបន់ឆ្នេរកម្ពុជាក្នុងរដូវកាលបៃតង៕
ដោយ៖ ប៉ៃ សុឃីម


