ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ

សាកលវិទ្យាល័យហោះហើរអាកាសចរណ៍ស៊ីវិលចិន នឹងបន្តផ្តល់ឱកាសដល់និស្សិតកម្ពុជា ដើម្បីសិក្សាថ្នាក់ បរិញ្ញាបត្រជាន់ខ្ពស់ជំនាញអាកាសចរណ៍ស៊ីវិល

ចិន៖ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានអញ្ជើញធ្វើទស្សនកិច្ច និងចូលរួមពិធីអបអរសាទរខួបលើកទី៧០ នៃការបង្កើត សាកលវិទ្យាល័យហោះហើរអាកាសចរណ៍ស៊ីវិលចិន (CAFUC) នៅសាធារណរដ្ឋប្រជាមានិតចិន។ ពិធី និងកម្មវិធីទស្សនកិច្ចនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦។
សូមរំលឹកថាកន្លងមក រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានសហការបញ្ជូននិស្សិតកម្ពុជាទៅបណ្តុះបណ្តាលរយៈពេលវែងនៅសាកលវិទ្យាល័យ CAFUC ចំនួន ៤ជំនាន់ សរុប៨៤នាក់ លើមុខជំនាញចំនួន៤ រួមមាន វិស្វកម្មអាកាសយាន ឧតុនិយមអាកាសចរណ៍ គ្រប់គ្រងអាកាសយានដ្ឋាន និងការដឹកជញ្ជូនតាមផ្លូវអាកាស។ ក្រៅពីការបណ្តុះបណ្តាលរយៈពេលវែង សាកលវិទ្យាល័យក៏បានផ្តល់វគ្គបណ្តុះបណ្តាលរយៈពេលខ្លីដល់មន្ត្រីអធិការកិច្ច និងមន្ត្រីជំនាញរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលផងដែរ។
សម្រាប់ឆ្នាំសិក្សា ២០២៧-២០២៨ សាកលវិទ្យាល័យ CAFUC នឹងបន្តផ្តល់ឱកាសដល់និស្សិតបរទេស រួមទាំងនិស្សិតកម្ពុជា ដើម្បីសិក្សាថ្នាក់ បរិញ្ញាបត្រជាន់ខ្ពស់ជំនាញអាកាសចរណ៍ស៊ីវិល។ ការបន្តកិច្ចសហប្រតិបត្តិការផ្នែកអប់រំ និងបណ្តុះបណ្តាលនេះ នឹងផ្តល់ឱកាសបន្ថែមសម្រាប់ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យអាកាសចរណ៍ស៊ីវិលរបស់កម្ពុជា៕ ដោយ៖ សុភ័ក្រ្ត