ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ

នាវាចម្បាំងកាណាដា HMCS Regina ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការកងទ័ពជើងទឹក

នៅវេលាម៉ោងប្រមាណ ១០ព្រឹក ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ នាវាចម្បាំងរបស់កងទ័ពជើងទឹកកាណាដា HMCS Regina (FFH-334) បានចូលចតដោយសុវត្ថិភាពនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា។

ពិធីទទួលស្វាគមន៍នាវាចម្បាំងកាណាដា ត្រូវបានរៀបចំឡើងដោយមានការចូលរួមពីលោកឧត្តមនាវីត្រី អ៊ិន សុខេមរា មេបញ្ជាការរងមូលដ្ឋានសមុទ្ររាម និងតំណាងស្ថានទូតកាណាដាប្រចាំកម្ពុជា ព្រមទាំងមន្ត្រីពាក់ព័ន្ធ។

ដំណើរទស្សនកិច្ចនេះ មានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកកម្ពុជា និងកងទ័ពជើងទឹកកាណាដា តាមរយៈការផ្លាស់ប្តូរបទពិសោធន៍ ការហ្វឹកហ្វឺនរួម និងសកម្មភាពផ្លាស់ប្តូរវប្បធម៌ និងមិត្តភាព។

ក្នុងអំឡុងពេលស្នាក់នៅកម្ពុជា គណៈប្រតិភូនាវាចម្បាំងកាណាដា នឹងមានជំនួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំខេត្តព្រះសីហនុ អង្គភាពកងទ័ពជើងទឹករាម ថ្នាក់ដឹកនាំកងទ័ពជើងទឹកកម្ពុជា និងមន្ត្រីពាក់ព័ន្ធនៅរាជធានីភ្នំពេញ។ កម្មវិធីក៏រួមមានការប្រកួតកីឡាមិត្តភាព និងសកម្មភាពហ្វឹកហ្វឺនផ្លាស់ប្តូរបទពិសោធន៍ជាមួយកងទ័ពកម្ពុជាផងដែរ។

តាមការគ្រោងទុក នាវា HMCS Regina (FFH-334) នឹងស្នាក់នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦។

នាវាដឹកនាំដោយលោកវរៈនាវីឯក Darren Sleen ជាមេបញ្ជាការនាវា។

នាវា HMCS Regina ៣៣៤ ជានាវាចម្បាំងប្រភេទ (Halifax-class Frigate) មានប្រវែង ១៣៤.២ម៉ែត្រ ទទឹង ១៦.៥ម៉ែត្រ ជម្រៅទឹក ៧.១ម៉ែត្រ និងទម្ងន់ផ្ទុកប្រមាណ ៤,៧៩៥តោន ដោយមាននាវិកប្រមាណ ២៥៥នាក់។

ជាមួយគ្នានេះ កម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ក៏ត្រូវបានរៀបចំដើម្បីការពារសន្តិសុខ និងសម្រួលសណ្តាប់ធ្នាប់តាមដងផ្លូវ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់នាវាចម្បាំងកាណាដានៅខេត្តព្រះសីហនុ៕

អត្ថបទដោយ៖ ប៉ៃ សុឃីម

រូបភាព៖ ឡាយ ចាន់ដា