មន្ទីរព័ត៌មានខេត្តព្រះសីហនុ ទទួលបានកុំព្យូទ័របន្ថែម២គ្រឿង ដើម្បីពង្រឹងការផ្សព្វផ្សាយព័ត៌មានក្នុងយុគសម័យឌីជីថល
នារសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ មន្ទីរព័ត៌មានខេត្តព្រះសីហនុ បានសម្តែងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលបានឧបត្ថម្ភកុំព្យូទ័រចំនួន២គ្រឿងបន្ថែម សម្រាប់ប្រើប្រាស់ក្នុងការងារផ្នែកគេហទំព័ររបស់មន្ទីរ។ ការគាំទ្រនេះត្រូវបានចាត់ទុកថា ជាការរួមចំណែកជួយបង្កើនសមត្ថភាពការងារបច្ចេកទេស និងសម្រួលដល់ការផលិត និងផ្សព្វផ្សាយព័ត៌មានឱ្យបានកាន់តែមានប្រសិទ្ធភាព។
ការបន្ថែមឧបករណ៍បច្ចេកវិទ្យា ក៏មានសារៈសំខាន់សម្រាប់ការងារផ្សព្វផ្សាយព័ត៌មានក្នុងបរិបទដែលការទទួល និងចែកចាយព័ត៌មានកាន់តែពឹងផ្អែកលើប្រព័ន្ធឌីជីថល។ សម្រាប់មន្ទីរព័ត៌មានខេត្តព្រះសីហនុ កុំព្យូទ័រទាំង២គ្រឿងអាចជួយសម្រួលដល់ការរៀបចំខ្លឹមសារ កែសម្រួល និងផ្សព្វផ្សាយព័ត៌មានតាមគេហទំព័រ ឱ្យកាន់តែរហ័ស ទាន់ពេលវេលា និងមានប្រសិទ្ធភាព ស្របតាមតម្រូវការនៃការផ្សព្វផ្សាយព័ត៌មានសម័យថ្មី។
មន្ទីរព័ត៌មានខេត្តព្រះសីហនុ បានបញ្ជាក់ថា ការយកចិត្តទុកដាក់ និងការគាំទ្រផ្នែកសម្ភារៈបច្ចេកទេសបែបនេះ នឹងជួយពង្រឹងមូលដ្ឋានការងាររបស់មន្ត្រីក្នុងការបំពេញភារកិច្ចផ្សព្វផ្សាយព័ត៌មាន និងបង្កើនសមត្ថភាពប្រើប្រាស់បច្ចេកវិទ្យាក្នុងការងារប្រចាំថ្ងៃ។ ជាមួយគ្នានេះ មន្ត្រីរាជការទាំងអស់នៃមន្ទីរព័ត៌មានខេត្តព្រះសីហនុ បានសម្តែងការដឹងគុណ និងគោរពជូនពរ ឯកឧត្តម នេត្រ ភក្ត្រា ឱ្យមានសុខភាពល្អ កម្លាំងមាំមួន និងទទួលបានជោគជ័យក្នុងបេសកកម្មបម្រើជាតិ និងប្រជាជន។ដោយ៖ សុភ័ក្រ្ត




