ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដឹកនាំកិច្ចប្រជុំជំរុញការប្រយុទ្ធប្រឆាំងការសម្អាតប្រាក់ និងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ (គ.ស.ហ.) នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅបន្ត។ កិច្ចប្រជុំនេះបានផ្តោតជាពិសេសលើការប្រឆាំងការសម្អាតប្រាក់ដែលពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
កិច្ចប្រជុំមានការចូលរួមពី ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ឯកឧត្តមកិត្តិនីតិកោលសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ, ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រី និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា, ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និង លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួង ស្ថាប័នពាក់ព័ន្ធផ្សេងទៀត។
តាមរយៈកិច្ចពិភាក្សា ស្ថាប័នពាក់ព័ន្ធបានពិនិត្យលើវឌ្ឍនភាព និងការងារដែលត្រូវបន្ត ដើម្បីពង្រឹងកិច្ចសហការក្នុងការទប់ស្កាត់ការសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។ ជាមួយគ្នានេះ ការប្រយុទ្ធប្រឆាំងលំហូរហិរញ្ញវត្ថុដែលជាប់ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក៏ជាចំណុចសំខាន់មួយដែលត្រូវបានលើកយកមកពិនិត្យ ដើម្បីកំណត់វិធានការ និងទិសដៅការងារបន្តឱ្យកាន់តែមានប្រសិទ្ធភាព។
សូមរំលឹកថាកិច្ចសហប្រតិបត្តិការអន្តរជាតិក៏ជាចំណុចសំខាន់ ដោយសារបណ្តាញឆបោកអាចប្រតិបត្តិការឆ្លងកាត់ប្រទេសជាច្រើន។ កម្ពុជាបានពង្រឹងការចែករំលែកព័ត៌មាន និងកិច្ចសហការជាមួយស្ថាប័នអនុវត្តច្បាប់បរទេស ដើម្បីតាមរកបណ្តាញឧក្រិដ្ឋកម្ម និងលំហូរហិរញ្ញវត្ថុដែលពាក់ព័ន្ធ វាជាផ្នែកមួយនៃការឆ្លើយតបរបស់កម្ពុជាចំពោះបណ្តាញឧក្រិដ្ឋកម្មឆ្លងដែនដែលប្រើប្រព័ន្ធបច្ចេកវិទ្យា និងប្រព័ន្ធហិរញ្ញវត្ថុសម្រាប់ប្រព្រឹត្តបទល្មើស។ដោយ៖សុភ័ក្រ្ត