ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ

កម្ពុជាត្រូវបានជ្រើសរើសធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតទេសចរណ៍ពិភពលោក «GX Summit 2026»

កម្ពុជាត្រៀមខ្លួនទទួលធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍អន្តរជាតិដ៏មានកិត្យានុភាព «មហាសន្និបាតទេសចរណ៍ពិភពលោក GX Summit» ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។ ការប្រកាសនេះត្រូវបានលើកឡើងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក Bruce Poon Tip ស្ថាបនិកក្រុមហ៊ុនទេសចរណ៍អន្តរជាតិ G Adventures នៅវិមានសន្តិភាព។
G Adventures គឺជាក្រុមហ៊ុនទេសចរណ៍ឈានមុខគេមួយដែលមានមូលដ្ឋាននៅប្រទេសកាណាដា និងមានបណ្ដាញប្រតិបត្តិការគ្របដណ្ដប់លើជាង ១០០ ប្រទេសទូទាំងសកលលោក។
ការជ្រើសរើសកម្ពុជាសម្រាប់ព្រឹត្តិការណ៍លំដាប់ពិភពលោកនេះ មិនត្រឹមតែជាកាតាលីករជួយផ្សព្វផ្សាយ និងលើកកម្ពស់កិត្យានុភាពទេសចរណ៍កម្ពុជាលើឆាកអន្តរជាតិឱ្យកាន់តែលេចធ្លោប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកម្លាំងរុញច្រានដ៏សំខាន់ក្នុងការស្ដារ និងជំរុញកំណើនវិស័យទេសចរណ៍ ព្រមទាំងបង្កើតកាលានុវត្តភាពសេដ្ឋកិច្ច និងប្រាក់ចំណូលជាក់ស្តែងជូនដល់ប្រជាពលរដ្ឋក្នុងសហគមន៍មូលដ្ឋានផងដែរ៕
ដោយ៖ ប៉ៃ សុឃីម

20260923124917_3qpwxgog8u.jpg