ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ

កម្ពុជាត្រៀមបង្ហាញភាពអស្ចារ្យ! ពិភពលោកនឹងបានស្គាល់វប្បធម៌ និងស្នាមញញឹមខ្មែរក្នុង «ភូមិហ្រ្វង់កូហ្វូនី ២០២៦»

កម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការបើកទ្វារស្វាគមន៍ពិភពលោក តាមរយៈព្រឹត្តិការណ៍អមដ៏ធំ «ភូមិហ្រ្វង់កូហ្វូនី» (Village de la Francophonie) នាឱកាសដែលព្រះរាជាណាចក្រកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦។ ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយការរៀបចំព្រឹត្តិការណ៍នេះ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា កម្មវិធីនេះដំណើរការក្រោមមូលបទ «ស្នាមញញឹមខ្មែរ ស្នាមញញឹមហ្រ្វង់កូហ្វូនី» ក្នុងបំណងបង្ហាញពីភាពរួសរាយរាក់ទាក់ អត្តសញ្ញាណវប្បធម៌ ម្ហូបអាហារ និងសមត្ថភាពច្នៃប្រឌិតរបស់កម្ពុជា ទៅកាន់ប្រទេសជាសមាជិក OIF ជិត ៩០ប្រទេស ព្រមទាំងភ្ញៀវអន្តរជាតិជុំវិញសកលលោក។

ចំណុចពិសេសដែលកាន់តែទាក់ទាញនោះ គឺការសម្រេចដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការផ្តល់ជូនទីតាំង និងស្តង់ពិព័រណ៍ទាំងអស់ក្នុង «ភូមិហ្រ្វង់កូហ្វូនី» ដោយឥតគិតថ្លៃ។ វិធានការលើកទឹកចិត្តនេះ ធ្វើឡើងក្នុងគោលបំណងបើកចំហឱកាសឱ្យគ្រប់ក្រសួង-ស្ថាប័ន វិស័យឯកជន អាជីវកម្មធុនតូច និងមធ្យម ក្រុមសិល្បករ រហូតដល់ដៃគូអភិវឌ្ឍន៍នានា អាចយកស្នាដៃ ផលិតផល និងសក្តានុពលទេសចរណ៍ ក៏ដូចជាកាលានុវត្តភាពវិនិយោគមកដាក់តាំងបង្ហាញដោយគ្មានការចំណាយលើទីតាំងឡើយ។

ជាចុងក្រោយ លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏បានអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ រួមមានសមាគមទេសចរណ៍ ម្ចាស់សណ្ឋាគារ ភោជនីយដ្ឋាន រមណីយដ្ឋាន ផលិតករ និងគ្រឹះស្ថានសិក្សា ចូលរួមសហការគ្នាយ៉ាងសកម្មក្នុងការរៀបចំសកម្មភាព និងការតាំងបង្ហាញឱ្យបានផុសផុល។ ការរួបរួមគ្នានេះ គឺជាកម្លាំងចលករដ៏សំខាន់ក្នុងការលើកកម្ពស់កិត្យានុភាពជាតិ បង្ហាញពីមោទនភាព និងវប្បធម៌ដ៏ផូរផង់របស់កម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍អន្តរជាតិជាប្រវត្តិសាស្ត្រមួយនេះ។ដោយ៖ ស្រីពី