ខេត្តព្រះសីហនុបានប្រារព្ធខួប៣៣ឆ្នាំ «ទិវាប្រកាសរដ្ឋធម្មនុញ្ញ»
នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦នេះ កម្ពុជា បានប្រារព្ធខួប៣៣ឆ្នាំ «ទិវាប្រកាសរដ្ឋធម្មនុញ្ញ» នៃព្រះរាជាណាចក្រកម្ពុជា លើកទី២ ជាមួយគ្នានេះដែរខេត្តព្រះសីហនុក៍បានប្រារព្ធពិធីនៅវេទិការ៧មករាស្ថិតក្នុងសង្កាត់លេខ៣ក្រុងព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងសមាជិកក្រុមប្រឹក្សា លោក សាមុត សុធារិទ្ធ អភិបាលរងខេត្ត មន្ត្រីរាជការមន្ទីរអង្គភាពជុំវិញខេត្តកងកម្លាំងសមត្ថកិច្ចអភិបាលក្រុងស្រុកបានចូលរួមយ៉ាច្រើនកុះករក្នុងពិធីចូលរួមដាក់ក្រពុំបិណ្ឌផ្កាឈូក និងគោរពរដ្ឋធម្មនុញ្ញ នៅនីតិបូជនីយដ្ឋានវិមានរដ្ឋធម្មនុញ្ញ។
ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦នេះ គឺជាខួបទី៣៣ឆ្នាំ នៃការប្រកាសឱ្យប្រើប្រាស់ជាផ្លូវការនូវរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣។ រដ្ឋធម្មនុញ្ញនេះបានកើតឡើងបន្ទាប់ពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ និងការបោះឆ្នោតជាលើកដំបូងនៅកម្ពុជា ដែលរៀបចំឡើងក្រោមការឧបត្ថម្ភ និងគាំពាររបស់អង្គការសហប្រជាជាតិ តាមរយៈអ៊ុនតាក់ កាលពីថ្ងៃទី២៣ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៩៣។
រដ្ឋធម្មនុញ្ញ គឺជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា ដោយច្បាប់ និងសេចក្តីសម្រេចទាំងឡាយរបស់ស្ថាប័នរដ្ឋ ត្រូវស្របតាមរដ្ឋធម្មនុញ្ញជាដាច់ខាត។ រដ្ឋធម្មនុញ្ញក៏បានចែងអំពីគោលការណ៍បែងចែកអំណាចរដ្ឋជា ៣ គឺ អំណាចនីតិបញ្ញត្តិ អំណាចនីតិប្រតិបត្តិ និងអំណាចតុលាការ ព្រមទាំងធានានូវសិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ និងគោលការណ៍នីតិរដ្ឋផងដែរ។
ពិធីចូលរួមដាក់ក្រពុំបិណ្ឌផ្កាឈូក និងគោរពរដ្ឋធម្មនុញ្ញនៅខេត្តព្រះសីហនុ បានប្រព្រឹត្តទៅយ៉ាងអធិកអធមទៅតាមកម្មវិធីដែលបានគ្រោងទុក៕
អត្ថបទ៖ ប៉ៃ សុឃីម
រូបភាព៖ កែវ ដារ៉ា















