ដើម្បីបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ដែលអាចកើតមានជាយថាហេតុដល់ប្រជាពលរដ្ឋភៀសសឹក អាជ្ញាធរមីន នៅថ្ងៃទី២៩ ខែកក្កដា បានណែនាំពីវិធានការបន្ទាន់ ក្នុងការអប់រំផ្សព្វផ្សាយ ដើម្បីបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ដោយសារគ្រាប់បែកចង្កោម និងយុទ្ធភណ្ឌគ្រឿងផ្ទុះសម្រាប់ជនភៀសសឹកនៅទីតាំងសុវត្ថិភាព។
អំឡុងពេលនៃសកម្មភាពឈ្លានពានរបស់យោធាថៃមកលើកម្ពុជា ដែលបានចាប់ផ្តើមតាំងពីថ្ងៃទី២៤រហូតដល់ថ្ងៃទី២៨ ខែកក្កដា យោធាថៃបានប្រើសព្វាវុធធន់ធ្ងន់គ្រប់ប្រភេទបំពានធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ។ សេចក្តីណែនាំបញ្ជាក់ថា យោធាថៃបានប្រើយន្តហោះទម្លាក់គ្រាប់បែក គ្រាប់បែកចង្កោម ផ្សែងពុល និងយុទ្ធភណ្ឌមិនទាន់ផ្ទុះផ្សេងៗ ដែលបានបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋ បំផ្លាញបេតិកភណ្ឌពិភពលោក ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ វត្តអារាម ប្រាសាទបុរាណ សាលារៀន មណ្ឌលសុខភាព លំនៅឋាន និងប៉ះពាល់សុខភាពធ្ងន់ធ្ងរ។
ផលវិបាកនៃការប្រើប្រាស់សព្វាវុធទាំងនោះ បានបង្ខំឱ្យប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារជម្លៀសទៅកាន់ទីតាំងសុវត្ថិភាពជាច្រើនកន្លែងតាមបណ្តាខេត្តនានា។ នេះបើតាមការបញ្ជាក់ពីអាជ្ញាធរមីន។
ទន្ទឹមគ្នានេះ អាជ្ញាធរមីន បានស្នើដល់ភាគីពាក់ព័ន្ធសកម្មភាពមីនទាំងអស់ឱ្យពិនិត្យលទ្ធភាពដាក់បញ្ចូលការងារអប់រំផ្សព្វផ្សាយគ្រោះថ្នាក់ដោយសារគ្រាប់បែកចង្កោមនិងយុទ្ធភណ្ឌគ្រឿងផ្ទុះ និងការបោសសម្អាតនៅក្នុងកម្មវិធីរបស់ស្ថាប័ន អង្គភាពនានានៅតាមទីតាំងសុវត្ថិភាព និងទីតាំងរងផលប៉ះពាល់ដោយសារគ្រាប់បែកចង្កោម និងយុទ្ធភណ្ឌគ្រឿងផ្ទុះ។
បើតាមអាជ្ញាធរមីន ត្រូវដឹកនាំការរៀបចំកម្មវិធីអប់រំផ្សព្វផ្សាយការយល់ដឹងដោយសារគ្រាប់បែកចង្កោម និងយុទ្ធភណ្ឌគ្រឿងផ្ទុះដល់ប្រជាពលរដ្ឋដែលកំពុងស្នាក់នៅតាមទីតាំងសុវត្ថិភាព ក្រោមកិច្ចសហការជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់។
បន្ថែមពីនេះ ស្នើឱ្យប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន និងអង្គភាពពាក់ព័ន្ធ ផ្តល់កិច្ចសហការ និងរាយការណ៍នូវទីតាំងរងផលប៉ះពាល់ដោយសារគ្រាប់បែកចង្កោម និងយុទ្ធភណ្ឌគ្រឿងផ្ទុះដល់អាជ្ញាធរមីន ឬប្រតិបត្តិការសកម្មភាពមីន ដើម្បីពិនិត្យវាយតម្លៃ និងបោសសម្អាតជាមុនដូចជា លំនៅដ្ឋាន សាលារៀន មណ្ឌលសុខភាព វត្តអារាម ប្រាសាទបុរាណ និងដីកសិកម្មជាដើម មុននឹងការវិលត្រលប់របស់ប្រជាពលរដ្ឋភៀសសឹក ដើម្បីធានាសុវត្ថិជូនពួកគាត់សម្រាប់ការស្នាក់នៅ ការបំពេញសកម្មភាពការងារប្រចាំថ្ងៃ និងការបង្កបង្កើនផល។ លើសពីនេះ ត្រូវតាមដាន និងរាយការណ៍ជាប្រចាំមកអាជ្ញាធរមីន អំពីវឌ្ឍនភាពនៃការអប់រំផ្សព្វផ្សាយ និងការបោសសម្អាត៕
ដោយ៖ ង៉ែត ពិសាន្ត




