ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ

នាវាទេសចរណ៍ «Odyssey» នាំភ្ញៀវអន្តរជាតិជាង ២០០នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ

នាវាទេសចរណ៍ «Odyssey» នាំភ្ញៀវទេសចរ ២៣៦នាក់ និងនាវិក ១៦៦នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦។

នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ នាវាទេសចរណ៍ «Odyssey» បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយនាំភ្ញៀវទេសចរណ៍ចំនួន ២៣៦នាក់ ក្នុងនោះមានស្ត្រី ១៣៥នាក់ មកពី ១៧សញ្ជាតិ រួមជាមួយនាវិកចំនួន ១៦៦នាក់ ក្នុងនោះមានស្ត្រី ១៧នាក់ មកពី ២០សញ្ជាតិ។

នាវាទេសចរណ៍នេះមានប្រវែង ១៩៥,៨ម៉ែត្រ និងទទឹង ២២,៥០ម៉ែត្រ។ ក្នុងឱកាសចូលចតនេះ ភ្ញៀវទេសចរណ៍ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅដោយលោកស្រី ណៃ សាលី នាយករងរដ្ឋបាលសាលាខេត្តព្រះសីហនុ រួមជាមួយថ្នាក់ដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធ និងមន្ត្រីជំនាញ។ ភ្ញៀវទេសចរណ៍ក៏ទទួលបានក្រម៉ាជាវត្ថុអនុស្សាវរីយ៍ពីសំណាក់អាជ្ញាធរម្នាក់១ ផងដែរ។

ទោះបីជាស្ថានភាពអាកាសធាតុមិនសូវអំណោយផលក៏ដោយ ភ្ញៀវទេសចរណ៍បានបន្តចុះពីនាវា និងធ្វើដំណើរតាមរថយន្តទៅកាន់គោលដៅទេសចរណ៍នានា ដើម្បីស្វែងយល់ និងទស្សនាតំបន់អភិវឌ្ឍន៍ ព្រមទាំងតំបន់ទេសចរណ៍ធម្មជាតិ និងវប្បធម៌ជាច្រើនក្នុងខេត្តព្រះសីហនុ។
ការចូលចតរបស់នាវាទេសចរណ៍ខ្នាតធំនេះ បានរួមចំណែកបង្ហាញពីសកម្មភាពទេសចរណ៍តាមផ្លូវសមុទ្រ និងការបន្តទទួលភ្ញៀវអន្តរជាតិមកទស្សនាព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះ ដើម្បីធានាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនភ្ញៀវទេសចរនៅតាមគោលដៅនានា ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានណែនាំដល់កងកម្លាំងសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ យកចិត្តទុកដាក់ខ្ពស់ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនភ្ញៀវទេសចរ ដើម្បីឱ្យការធ្វើដំណើរកម្សាន្តប្រព្រឹត្តទៅដោយរលូន សុវត្ថិភាព និងពោរពេញដោយភាពរីករាយ៕
រូបភាពនិងអត្ថបទ
ដោយ៖ ប៉ៃ សុឃីម