សម្តេចតេជោ ហ៊ុន សែន អះអាងការប្តេជ្ញាចិត្តពង្រឹងសហប្រតិបត្តិការ កម្ពុជា-ចិន
ក្នុងឱកាសខួបលើកទី៧៧ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន (PRC) សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា បានផ្ញើសារលិខិតអបអរសាទរជូន លោក ស៊ី ជិនពីង អគ្គលេខាធិការ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងប្រធានាធិបតី សាធារណរដ្ឋប្រជាមានិតចិន។ ក្នុងសារលិខិត សម្តេចតេជោបានសម្តែងការកោតសរសើរចំពោះថ្នាក់ដឹកនាំចិនគ្រប់ជំនាន់ ដែលបានបង្ហាញចក្ខុវិស័យ ភាពធន់ និងការប្តេជ្ញាចិត្តខ្ជាប់ខ្ជួន ក្នុងការលើកកម្ពស់សុខុមាលភាពប្រជាជន និងការស្តារភាពរុងរឿងរបស់ជាតិឡើងវិញ។ ជាមួយគ្នានេះ សម្តេចបានអះអាងជាថ្មីពីការប្តេជ្ញាធ្វើការយ៉ាងជិតស្និទ្ធជាមួយ លោក ស៊ី ជិនពីង។
សម្តេចតេជោបានលើកឡើងថា ក្រោមការដឹកនាំរបស់ លោក ស៊ី ជិនពីង ប្រទេសចិនបានបន្តសម្រេចបានវឌ្ឍនភាពសំខាន់ៗក្នុងដំណើរអភិវឌ្ឍជាតិ ដោយឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងរួមរបស់ថ្នាក់ដឹកនាំចិន។ សម្តេចមានជំនឿថា ប្រទេសចិននឹងបន្តឆ្ពោះទៅសម្រេចគោលដៅសតវត្សទី២ និងបន្តចូលរួមជំរុញសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់តំបន់ និងពិភពលោក។ សម្តេចក៏បានបង្ហាញសេចក្តីរីករាយចំពោះមិត្តភាពដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ដែលប្រទេសទាំងពីរបានកសាង និងបន្តពង្រឹងក្រោមក្របខ័ណ្ឌភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។
ក្នុងន័យនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយ លោក ស៊ី ជិនពីង ដោយផ្តោតលើការពង្រីកជម្រៅ និងវិសាលភាពនៃកិច្ចសហប្រតិបត្តិការអន្តរគណបក្ស អន្តរសភា និងអន្តររដ្ឋាភិបាល។ ការបន្តពង្រឹងទំនាក់ទំនងក្នុងវិស័យទាំងនេះ មានគោលបំណងរួមចំណែកដល់ផលប្រយោជន៍ទៅវិញទៅមករបស់ប្រទេសទាំងពីរ និងការកសាងសហគមន៍ជោគវាសនារួម កម្ពុជា-ចិន គ្រប់រដូវកាលក្នុងយុគសម័យថ្មី ព្រមទាំងចូលរួមលើកកម្ពស់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់ និងពិភពលោក៕ដោយ៖ សុភ័ក្រ្ត




