ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ

ថ្ងៃនេះបិណ្ឌទី១ ៖ដំណើររឿងបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ៖ ឫសគល់នៃប្រពៃណី សទ្ធា និងការដឹងគុណរបស់ខ្មែរ

ពិធីបុណ្យភ្ជុំបិណ្ឌ គឺជាបុណ្យប្រពៃណីព្រះពុទ្ធសាសនាដ៏ធំ និងឧឡារិកបំផុតមួយរបស់ប្រជាជនកម្ពុជា។ ជារៀងរាល់ឆ្នាំ ពេលរដូវកាលនេះមកដល់ បងប្អូនកូនចៅខ្មែរមិនថានៅជិត ឬឆ្ងាយនោះទេ តែងតែវិលត្រឡប់ទៅជួបជុំក្រុមគ្រួសារ និងឪពុកម្ដាយនៅស្រុកកំណើត ដើម្បីរៀបចំចង្ហាន់ម្ហូបអាហារយកទៅប្រគេនព្រះសង្ឃនៅវត្តអារាម ដែលនេះជាទំនៀមដ៏ល្អផូរផង់នៃការដឹងគុណ និងសាមគ្គីភាពតាំងពីបុរាណកាលមក។
ឫសគល់ប្រវត្តិសាស្ត្រតាមកំណត់ត្រាប្រវត្តិសាស្ត្រខ្មែរ ពិធីបុណ្យនេះមានប្រភពតាំងពីសម័យបុរាណកាលមកម្ល៉េះ។ កាលដើមឡើយ បុព្វបុរសយើងមិនទាន់ហៅរួមគ្នាថា «បុណ្យភ្ជុំ» នោះទេ ដោយបានបែងចែកជាពីរដំណាក់កាលច្បាស់លាស់៖ថ្នាក់ទី១ (វារកភត្ត)៖ ប្រព្រឹត្តទៅចាប់ពីថ្ងៃ ១រោច ដល់ថ្ងៃ ១៤រោច ខែភទ្របទ ដែលជាការរៀបចំចង្ហាន់ប្រគេនព្រះសង្ឃទៅតាមវេនប្រចាំថ្ងៃ។
ថ្នាក់ទី២ (បុណ្យភ្ជុំ)៖ ធ្វើឡើងនៅថ្ងៃ ១៥រោច ខែភទ្របទ ដែលជាថ្ងៃជួបជុំធំចុងក្រោយ។
លុះមកដល់សម័យបច្ចុប្បន្ន ពិធីទាំងពីរដំណាក់កាលនេះត្រូវបានបូកបញ្ចូលគ្នា ហើយប្រសិទ្ធនាមហៅយ៉ាងសាមញ្ញថា «ពិធីបុណ្យបិណ្ឌភ្ជុំ»។
មូលហេតុ និងអត្ថន័យនៃការប្រារព្ធពិធីបុណ្យនេះឡើង បង្កប់នូវគោលបំណងចម្បងពីរយ៉ាង ការផ្គត់ផ្គង់ព្រះសង្ឃក្នុងរដូវវស្សា ក្នុងអំឡុងពេលចូលវស្សា ៣ខែ ជាពិសេសរដូវធ្លាក់ភ្លៀងជោកជាំ ព្រះសង្ឃជួបការលំបាកយ៉ាងខ្លាំងក្នុងការនិមន្តធ្វើគោចរបិណ្ឌបាត។ ហេតុនេះ ពុទ្ធបរិស័ទបានរួមចិត្តរួមថ្លើមរៀបចំសង្ឃភត្ត ដើម្បីទំនុកបម្រុង និងផ្គត់ផ្គង់ចង្ហាន់ព្រះសង្ឃគង់ចាំវស្សាក្នុងវត្តរហូតដល់ថ្ងៃចេញវស្សា។
ការឧទ្ទិសកុសលដល់បុព្វការីជន ជាឱកាសដ៏សំខាន់ក្នុងការផ្សាយបុណ្យកុសល តាមរយៈអានុភាពនៃសង្ឃគតាទក្ខិណាទាន ជូនចំពោះប្រេតជន ញាតិទាំង ៧សណ្ដាន និងញាតិដែលបានចែកឋានទៅច្រើនមហាកប្ប ឱ្យរួចចាកផុតពីទុក្ខវេទនា ភាពអត់ឃ្លាន និងកម្មពៀរទាំងពួង។
បុណ្យបិណ្ឌភ្ជុំត្រូវបានរៀបចំឡើងពេញមួយកន្លះខែ (១៥ថ្ងៃ) ចាប់ពីថ្ងៃ ១រោច រហូតដល់ថ្ងៃ ១៥រោច ខែភទ្របទ ការបែងចែកក្រុមវេនបិណ្ឌ (ថ្ងៃទី១ ដល់ថ្ងៃទី១៤)គណៈកម្មការ និងលោកតាអាចារ្យវត្ត តែងបែងចែកពុទ្ធបរិស័ទចំណុះជើងវត្តជាក្រុមតូចៗ (ប្រមាណ ៣ ទៅ ៤ក្រុម) ដើម្បីទទួលបន្ទុករៀបចំចង្ហាន់ ម្ហូបអាហារ និងបបរបរិសុទ្ធតាមវេននីមួយៗ។
កិច្ចវត្តនៅពេលទៀបភ្លឺ ពេលឮស្នូរសូរស្គរចំណាំវស្សាទូងឡើង អ្នកទទួលវេនចាប់ផ្ដើមរួសរាន់រៀបចំចង្ហាន់។ ចំណែកចាស់ព្រឹទ្ធាចារ្យក្នុងក្រុមប្រមូលផ្តុំគ្នារៀបចំបាយបិណ្ឌ និងបាយបត្តបូរ រួចនាំគ្នាទៅកាន់វត្តអារាមដើម្បីថ្វាយបង្គំព្រះ ស្តាប់ព្រះសង្ឃសូត្រធម៌ (ដូចជាធម៌សុខោ និងបរាភវសូត្រ)។
នៅពេលព្រឹកព្រាងអរុណោទ័យ ពុទ្ធបរិស័ទនិងកូនចៅក្នុងផ្ទះនាំគ្នាយួរ កាន់ និងរែកចង្ហាន់ឆ្ពោះទៅកាន់វត្ត។ លោកតាអាចារ្យដឹកនាំពុទ្ធបរិស័ទធ្វើពិធីរាប់បាត្រនៅលើឧបដ្ឋានសាលា វេរចង្ហាន់ និងវេរប្រគេនបាយបត្តបូរដល់ព្រះសង្ឃ។
ក្រោយពេលព្រះសង្ឃសម្តែងបត្តានុមោទនគាថា (សូត្រអនុមោទនា) ចប់សព្វគ្រប់ មេវេនត្រូវរៀបចំអាហារជូនលោកតាអាចារ្យវត្ត និងទទួលបដិសណ្ឋារកិច្ចភ្ញៀវពុទ្ធបរិស័ទដែលអញ្ជើញចូលរួមក្នុងថ្ងៃវេនរបស់ខ្លួន ប្រកបដោយទឹកចិត្តជ្រះថ្លា និងស្នាមញញឹម៕ដោយ៖ ប៉ៃ សុឃីម