ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ

កម្ពុជា-អង្គការសហប្រជាជាតិ ជួបពិភាក្សាការងារនៅញូវយ៉ក ផ្តោតលើភាពជាដៃគូយូរអង្វែង និងបច្ចុប្បន្នភាពព្រំដែនកម្ពុជា-ថៃ

ញូវយ៉ក៖ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៨១ នៅសហរដ្ឋអាម៉េរិក កាលពីល្ងាចថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយលោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ ។
ក្នុងជំនួបនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងកម្ពុជា និងអង្គការសហប្រជាជាតិ ដែលបានចាក់គ្រឹះតាំងពីសម័យអាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិប្រចាំកម្ពុជា (UNTAC) រហូតបានក្លាយជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍជាតិកន្លងមក។
ទន្ទឹមនឹងនេះ ឯកឧត្តមបានសម្តែងការកោតសរសើរចំពោះការដឹកនាំដ៏ប៉ិនប្រសប់របស់លោក António Guterres ដែលបានពង្រឹងជំហរ និងតួនាទីរបស់អង្គការសហប្រជាជាតិឱ្យកាន់តែរឹងមាំ ចំពេលពិភពលោកកំពុងឆ្លងកាត់ការវិវត្តយ៉ាងលឿន ពោរពេញដោយភាពមិនប្រាកដប្រជា និងបញ្ហាប្រឈមធំៗជាសកលជាច្រើនទសវត្សរ៍មកនេះ។
ក្នុងឱកាសនោះ ថ្នាក់ដឹកនាំទាំងពីរក៏បានឆ្លៀតឱកាសផ្លាស់ប្តូរទស្សនៈ និងពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់អំពីស្ថានភាព និងបច្ចុប្បន្នភាពចុងក្រោយនៅតាមបណ្តោយព្រំដែនរវាងកម្ពុជានិងថៃផងដែរ៕
ដោយ៖ ប៉ៃ សុឃីម

20260927102155_ahpp5ux6hs.jpg